ព័ត៌មានអន្តរជាតិ

បេក្ខជន នាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ អះអាងថា នឹងមិនប៉ះពាល់ច្បាប់ប្រមាថព្រះមហាក្សត្រឡើយ

បរទេស៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ លោក ស្រែថា ថាវីស៊ីន បានប្រកាសនៅថ្ងៃអង្គារថា លោកនឹងមិនស្វែងរកការលុបចោល ឬកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ ប្រសិនបើសភាអនុម័តការតែងតាំងលោកជានាយករដ្ឋមន្ត្រី។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបសលោកស្រែថា ថា “ប្រសិនបើគណបក្សភឿថៃតែងតាំងខ្ញុំក្នុងអំឡុងពេលបោះឆ្នោតសភានៅជុំបន្ទាប់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនោះ ប្រាកដជានឹងមិនមានការធ្វើវិសោធនកម្មមាត្រា ១១២ នោះទេ”។

លោកថា គណបក្ស “ភឿថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់នេះនឹងមិនត្រូវបានធ្វើវិសោធនកម្ម ឬលុបចោលនោះទេ។ ប្រសិនបើយើងចង់ឃើញប្រទេសឆ្ពោះទៅមុខ និងបង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យ បញ្ហាមាត្រា ១១២ ត្រូវតែទុកឱ្យនៅដដែល កុំប៉ះពាល់។

លោកបន្តថា “សព្វថ្ងៃនេះបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានសារៈសំខាន់បំផុត អ្វីដែលយើងត្រូវធ្វើមុនគេគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានហូបគ្រប់គ្រាន់ ហើយសេដ្ឋកិច្ចមានភាពប្រសើរឡើង”។

លោក ស្រែថា បាននិយាយបែបនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយចំនួនបង្ហាញការងឿងឆ្ងល់អំពីជំហររបស់លោកលើមាត្រា ១១២ ដែលគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាបានលើកឡើងថា លោក ស្រែថា ធ្លាប់បាននិយាយថា គួរតែធ្វើវិសោធនកម្មមាត្រា ១១២ ក្នុងបទសម្ភាសន៍ក្នុងការឈានទៅការបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភា។ ពួកគេបាននិយាយថា ពួកគេនឹងមិនគាំទ្រលោកស្រែថានោះទេ ប្រសិនបើលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី លុះត្រាតែលោកពន្យល់ច្បាស់និងពេញចិត្តចំពោះជំហររបស់លោកចំពោះបញ្ហានោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top