ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នៅក្នុងទីក្រុងមូស្គូ

AFP

បរទេស៖ ការិយាល័យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារ ជាបន្តបន្ទាប់លើយន្តហោះគ្មានមនុស្សបើក ទៅលើទីក្រុងមូស្គូ និងបានអំពាវនាវឱ្យបញ្ចប់ “ការវាយប្រហារណាមួយ និងគ្រប់កន្លែងលើមូលដ្ឋានស៊ីវិល” ។ រុស្ស៊ីបានស្តីបន្ទោស ចំពោះការវាយប្រហារនេះ និងថានេះ ជា “ការវាយប្រហារភេរវកម្ម” របស់អ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យរងរបស់លោក Guterres គឺលោក Farhan Haq បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា “យើងប្រឆាំងនឹងការវាយប្រហារ ណាមួយលើមូលដ្ឋានស៊ីវិល ហើយយើងចង់ឱ្យពួកគេបញ្ឈប់” ។

លោក Haq បាននិយាយមួយថ្ងៃបន្ទាប់ពី យានយន្តហោះគ្មានមនុស្សបើក (UAVs) ជាច្រើនគ្រឿងត្រូវបានស្ទាក់ចាប់នៅតំបន់ហិរញ្ញវត្ថុក្នុងទីក្រុងមូស្គូ ជាមួយនឹងកំទេចកំទីពីយាន ដែលបានធ្លាក់បានបំផ្លាញអគារខ្ពស់ៗចំនួនពីរ និងបណ្តាលឲ្យមនុស្សម្នាក់រងរបួស។

យោងតាមអាជ្ញាធររុស្ស៊ី បានឱ្យដឹងថា អគារដូចគ្នាមួយត្រូវបានខូចខាត ម្តងទៀតកាលពីថ្ងៃអង្គារ នៅពេលដែលយន្តហោះគ្មានមនុស្សបើក មួយគ្រឿងក្នុងចំនោម៣គ្រឿង ដែលបានវាយប្រហារ ហើយបានធ្លាក់ចូលទៅក្នុងកញ្ចក់មុខនៃអគារ នេះបើយោងតាមអាជ្ញាធររុស្ស៊ី។

ខណៈពេលដែលទីក្រុងគៀវ មិនទាន់បានទទួលខុសត្រូវដោយផ្ទាល់នៅឡើយ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃអាទិត្យថា “សង្រ្គាមកំពុងវិលត្រលប់ ទៅទឹកដីនៃប្រទេសរុស្ស៊ីវិញ” ខណៈពេលដែលទីប្រឹក្សាកំពូលម្នាក់របស់លោក គឺលោក Mikhail Podoliak បាននិយាយកាលពីថ្ងៃអង្គារថា “ទីក្រុងម៉ូស្គូកំពុងស៊ាំនឹងការ សង្គ្រាមពេញលេញ” ហើយនឹងជួបប្រទះក្នុងពេលឆាប់ៗនេះ “យន្តហោះគ្មានមនុស្សបើកដែល មិនស្គាល់អត្តសញ្ញាណកាន់តែច្រើន ការដួលរលំកាន់តែច្រើន [និង] ជម្លោះស៊ីវិលជាច្រើនទៀត” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top