វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កំពុងដកកងទ័ពសកម្មចំនួន១.១០០នាក់ចេញពីព្រំដែនសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដែលខ្លួនបានដាក់ពង្រាយកាលពីដើមឆ្នាំ២០២៣នេះ ខណៈដែលរដ្ឋាភិបាលបានរៀបចំសម្រាប់ការបញ្ចប់ការរឹតបន្តឹងសិទ្ធិជ្រកកោនដែលទាក់ទងនឹងជំងឺឆ្លងរាតត្បាត ។
លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយល់ព្រមលើការដាក់ពង្រាយកងទ័ពកាតព្វកិច្ចសកម្មសរុបចំនួន ១.៥០០នាក់សម្រាប់ការកើនឡើងវត្តមានយោធាក្នុងរយៈពេល៩០ថ្ងៃបណ្តោះអាសន្ននៅព្រំដែននៅក្នុងខែឧសភា ។ នៅគ្រានោះដែរ ការឆ្លងកាត់ព្រំដែនខុសច្បាប់កំពុងកើនឡើងយ៉ាងខ្លាំង នឹងធ្វើឲ្យមានក្តីបារម្ភថា ពួកគេនឹងកើនឡើងកាន់តែខ្លាំងបន្ទាប់ពីការរឹតបន្តឹងបានបញ្ចប់ ប៉ុន្តែផ្ទុយទៅវិញចំនួននោះបានធ្លាក់ចុះវិញ ។
កងទ័ពចំនួន១.១០០នាក់នឹងបញ្ចប់បេសកកម្មក្នុងរយៈពេល៩០ថ្ងៃរបស់ពួកគេគិតត្រឹមថ្ងៃទី៨ ខែសីហាខាងមុខ ។ មន្ត្រីការពារជាតិម្នាក់បានឲ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាលម្អិតមុនការប្រកាសថា នៅសល់៤០០នាក់ នឹងត្រូវបន្តរហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា