បរទេស៖ ការិយាល័យប៉ូលីសក្រុងបាងកក ប្រទេសថៃ (MPB) បានជំរុញឱ្យអ្នកបើកបរយានយន្តជៀសវាងផ្លូវប្រសព្វ Asok Montri ក្នុងសង្កាត់ Khlong Toei ក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ ដោយសារតែការតវ៉ានយោបាយដែលបានគ្រោងទុក។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ តាមហ្វេសប៊ុកកាលពីថ្ងៃអង្គារ រណសិរ្សរួបរួម Thammasat and Demonstration បានអញ្ជើញបាតុករ ដែលជាអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យ ឱ្យមកជួបជុំគ្នានៅផ្លូវប្រសព្វ Asok នៅពេលថ្ងៃត្រង់ ។
បាតុករត្រូវបានគេជឿថា កំពុងតវ៉ានឹង ការសម្រេចចិត្ត របស់សភាក្នុងការរារាំងមេដឹកនាំ គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward លោក Pita Limjaroenrat ពីការតែងតាំងជានាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំសភា រួមគ្នាដែលបានគ្រោង ទុកនៅថ្ងៃសុក្រ ។
ការបង្ហោះនោះបាននិយាយថា “ក្រុមរថយន្ត” នឹងផ្លាស់ទីពីផ្លូវ ប្រសព្វ Asok Montri តាមបណ្តោយ Sukhumvit Soi 55 (Thonglor) ចូលទៅក្នុងផ្លូវ New Phetchaburi រហូតដល់ទៅដល់ការិយាល័យ កណ្តាលរបស់បក្ស Move Forward Party នៅអគារ Thai Summit Tower ។ ក្រុមបាតុករនឹង បញ្ចប់ការធ្វើដំណើរ របស់ពួកគេនៅទីស្នាក់ការកណ្តាល របស់គណបក្សភឿថៃ នៅអគារ OAI លើផ្លូវ New Phetchaburi ។
ការិយាល័យប៉ូលីសក្រុងបាងកក បាននិយាយថា អ្នកបើកបរយានយន្ត គួរតែជៀសពីផ្លូវបំបែក Asok Montri, Sukhumvit Soi 55 និងផ្លូវ New Phetchaburi ចាប់ពីថ្ងៃត្រង់តទៅ។ ប៉ូលីសបានបន្ថែមថា អ្នកបើកបរយានយន្តក៏ គួរជៀសចេញពីផ្លូវ Pradit Manutham នៅក្នុងផ្នែកដែលតភ្ជាប់ជាមួយផ្លូវ New Phetchaburi ៕
ប្រែសម្រួលៈ ណៃ តុលា