ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ AUKUS បង្កហានិភ័យដល់សន្តិសុខពិភពលោក

រូបភាពពី៖​ XINHUA

វីយែន៖ កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ និងពិភពលោក នេះបើយោងតាមរបាយការណ៍រួម ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រុមអ្នកគិតគូររបស់ចិន និងរុស្ស៊ី។

របាយការណ៍នោះមានឈ្មោះថា “កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS បានហានិភ័យសម្រាប់របបមិនរីកសាយភាយនុយក្លេអ៊ែរ និងសន្តិសុខពិភពលោក” ត្រូវបានបោះពុម្ពផ្សាយដោយសមាគមគ្រប់គ្រងអាវុធ និងរំសាយអាវុធរបស់ចិន និងមជ្ឈមណ្ឌលសិក្សាថាមពល និងសន្តិសុខរបស់រុស្ស៊ី។

ក្រោមសម្ព័ន្ធភាពត្រីភាគី AUKUS ដែលបានប្រកាសក្នុងខែកញ្ញា ឆ្នាំ២០២១ អូស្ត្រាលី អាចបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយនឹងបច្ចេកវិទ្យា ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

កិច្ចព្រមព្រៀង AUKUS ពាក់ព័ន្ធនឹងការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូម កម្រិតខ្ពស់កម្រិតអាវុធដល់ទៅបួនតោនពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជារដ្ឋអាវុធនុយក្លេអ៊ែរចំនួនពីរទៅកាន់ប្រទេសអូស្ត្រាលី ដែលជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ។

របាយការណ៍បានឲ្យដឹងថា “កិច្ចសហប្រតិបត្តិការយោធាជាយុទ្ធសាស្ត្ររបស់ AUKUS គឺមិនធ្លាប់មានពីមុនមក ហើយប្រឆាំងនឹងគោលដៅ និងស្មារតីនៃ NPT (សន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ) អាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់របបមិនរីកសាយភាយអន្តរជាតិ និង NPT ខ្លួនឯង” ។

កិច្ចសហប្រតិបត្តិការនាវាមុជទឹក AUKUS “ទាញយកផលប្រយោជន៍ដ៏សំខាន់ នៃរបបមិនរីកសាយភាយ និងកាត់បន្ថយឧបសគ្គខាងនយោបាយ និងសីលធម៌ ចំពោះការរីកសាយភាយនុយក្លេអ៊ែរ” វា​ក៏​បង្ក​បញ្ហា​ប្រឈម​ចំពោះ​ប្រព័ន្ធ​ការពារ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) នេះ​បើ​តាម​របាយការណ៍។

របាយការណ៍បានកត់សម្គាល់ថា “ការប៉ុនប៉ង ដែលអាចកើតមាន នៃការពិភាក្សានៅពីក្រោយឆាករវាងភាគីនៃ AUKUS និងលេខាធិការដ្ឋាន IAEA អាចនាំទៅរកការធ្វើនយោបាយរបស់លេខាធិការដ្ឋាន និងបំផ្លាញការជឿទុកចិត្តរួមនៅក្នុងស្ថាប័ន IAEA”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top