ព័ត៌មានជាតិ

វៀតណាម ជឿជាក់ថា កម្ពុជា នឹងបន្ដទទួលជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី

រូបភាពពី៖ តេឡេក្រាម របស់ សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញ​ការជឿជាក់ថា កម្ពុជានឹងបន្តទទួលជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សប្រជាជនកម្ពុជា ស្ដីពីជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ង្វៀន ហ៊្វូចុង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ លោក អគ្គលេខាធិការ ង្វៀន ហ៊្វូចុង បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។

លោកអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហើយក៏ជឿជាក់ថា «កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត»។

លោកអគ្គលេខាធិការ ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា ពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្សរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានគណបក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គលេខាធិកា ង្វៀន ហ្វ៊ូចុង ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយ លោកមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ដែលទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។

សម្តេចតេជោ ប្រធានគណបក្ស ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ក្រោមការដឹកនាំរបស់ លោក ង្វៀន ហ្វ៊ូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់វៀតណាមក្នុងវេទិកាតំបន់ និងអន្តរជាតិ៕

To Top