ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិង លោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សប្រជាជនកម្ពុជា ស្ដីពីខ្លឹមសារជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ង្វៀន ហ៊្វូចុង តាមប្រព័ន្ធវិដេអូ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវឌ្ឍនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលមានលក្ខណៈកាន់តែស្រួចស្រាល់ មិនប្រាកដប្រជា ក៏ដូចជាការទទួលរងនូវផលប៉ះពាល់ យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ថ្នាក់ដឹកនាំទាំងពីរ បានផ្តល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជាប្រពៃណី ដែលជាកត្តាចាំបាច់បំផុត ក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី និងការំដោះប្រជាជន ព្រម ទាំងការកសាង និងអភិវឌ្ឍប្រទេសទាំងពីរ។ ទន្ទឹមនេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ ក្នុងការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេស ការបញ្ជ្រាបការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្ត្រ ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ ទំនងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នានៅក្នុងក្របខ័ណ្ឌអនុតំបន់ ជាពិសេស ក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕