ភ្នំពេញ ៖ លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានអបអរសាទរ ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញខ្លឹមសារជំនួប រវាងសម្ដេចតេជោជាមួយលោក ថងលុន ស៊ីសុលីត តាមប្រព័ន្ធវិដេអូ នាថ្ងៃ៨ សីហានេះ លោកអគ្គលេខាធិការបក្សឡាវ បានសាទរយ៉ាងកក់ក្តៅ ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានស្ងើចសរសើរអំពីតួនាទីស្នូល របស់គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម និងប្រកបដោយចក្ខុវិស័យ ដែលទទួលបាននូវការគាំទ្រ ដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជា ទាំងមូល។

ទន្ទឹមនេះ លោកអគ្គលេខាធិការគូសបញ្ជាក់ថា «អបអរសាទរដោយស្មោះ ក្នុងឱកាសដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ បានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា»។
លោក ថងលុន ស៊ីសុលីត គាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍កម្ពុជា ឲ្យបានកាន់តែរីកចម្រើនថែមទៀត ព្រមទាំង បានប្ដេជ្ញានឹងបន្តពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ។

ចំណែក សម្តេចតេជោវិញក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល គួរឲ្យកត់សម្គាល់ ដែលប្រជាជនឡាវ សម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវដែលមាន លោក ថងលុន ស៊ីសុលី ជាអគ្គលេខាធិការ ដែលនាំមកនូវការរីកចម្រើន ជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមព្រមទាំង បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់ របស់ឡាវទាំងក្នុងវេទិកាតំបន់ និងអន្តរជាតិ។
នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទោះបីស្ថិតក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជារបស់ពិភពលោក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ របស់ប្រទេសមហាអំណាច ដែលកាន់តែស្រួចស្រាល់ និងស្មុគស្មាញក៏ដោយ ក៏គណបក្ស និងរដ្ឋាភិបាល ទាំងពីរ រក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរយោបល់ តាមប្រព័ន្ធវីដេអូ និងទូរសព្ទ ទាំងថ្នាក់កំពូល និងថ្នាក់មូលដ្ឋាន។

លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹង ចំណងមិត្តភាពដ៏ជិតស្និទ្ធ និងសាមគ្គីភាព ដ៏រឹងមាំ ការជួយគាំទ្រ គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសផ្តោតការយកចិត្តទុក ដាក់លើការបណ្តុះបណ្តាល យុវជនបន្តវេន ដើម្បីរក្សា និងបន្តពូនជ្រុំ ទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែង នៃប្រជាជាតិទាំងពីរ ៕
