ភ្នំពេញ៖ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនតាមប្រព័ន្ធថ្នាលជាតិ នៃរដ្ឋបាលក្រុងបាត់ដំបងក្នុងគោលដៅពង្រឹងការគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ប្រមូលឱ្យអស់ ប្រមូលឱ្យស្អាត ប្រមូលឱ្យទាន់ពេល និងប្រមូលឱ្យមាននិរន្តរភាព ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នាថ្ងៃទី៨ ខែសីហានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថាការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ប្លាស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តស្នាក់នៅនិងវិនិយោគនៅខេត្តបាត់ដំបងដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ជាមួយគ្នានោះ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងតាមប្រព័ន្ធថ្នាលជាតិគឺដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជនស្របតាមគោលការណ៍ប្រមូលឲ្យអស់ ប្រមូលឲ្យស្អាត ប្រមូលឲ្យទាន់ពេល និងប្រមូលឲ្យមាននិរន្តរភាព។ ការលើកកម្ពស់និងជំរុញការអនុវត្តគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន២០២០៕



