ព័ត៌មានអន្តរជាតិ

អឺរ៉ុប មិនអាចផ្តល់ការធានាសន្តិសុខ ដល់អ៊ុយក្រែន បាននោះទេ ដោយសារខ្លួន មិនមែនជាអង្គការសន្តិសុខ

រូបភាពពី៖​ AFP

បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បានឲ្យដឹងថា សហភាពអឺរ៉ុប មិនមែនជាអង្គការសន្តិសុខនោះទេ ហើយដូច្នេះមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានឡើយ។

លោក Stano បានឲ្យដឹង​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា​ “​សហភាព​អឺរ៉ុប ​កំពុង​គាំទ្រ​អ៊ុយក្រែន ​ក្នុង​វិស័យ​មួយ​ចំនួន ប៉ុន្តែ​បញ្ហា​ធានា​សន្តិសុខ​មិន​មែន​ជា​បញ្ហា​មួយ ​សម្រាប់​សហភាព​អឺរ៉ុប​នោះ​ទេ។

លោកបានលើកឡើងថា “យើងមិនមែនជាអង្គការសន្តិសុខ នោះហើយជាមូលហេតុ ដែលការពិភាក្សាអំពីការធានាសន្តិសុខ គឺជាការពិភាក្សា សម្រាប់អង្គការណាតូ និងសម្រាប់ប្រទេសនីមួយៗ ប៉ុន្តែមិនមែនសម្រាប់សហភាពអឺរ៉ុប ជាអង្គការមួយនោះទេ”។

កាលពីថ្ងៃទី១២ខែកក្កដា ប្រទេសសមាជិក G7 បានបង្ហាញសេចក្តីប្រកាសរួម នៃការគាំទ្រ សម្រាប់អ៊ុយក្រែន ដែលផ្តល់ សម្រាប់ការបែងចែកឧបករណ៍យោធាបន្ថែម ការពង្រីកការចែករំលែកព័ត៌មានសម្ងាត់ និងកម្មវិធីបណ្តុះបណ្តាលថ្មី សម្រាប់យោធាអ៊ុយក្រែន ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពឧស្សាហកម្ម។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសចំនួន ១២ បន្ថែមទៀតបានចូលរួមនៅក្នុងសេចក្តីប្រកាសរួមរបស់ G7 ។ លើសពីនេះ ក្រុងគៀវ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top