ព័ត៌មានអន្តរជាតិ

អាមេរិក បង្កកការផ្ទេរប្រាក់រាប់លានដុល្លារ របស់ក្រុមហ៊ុនពេជ្រឥណ្ឌា ជុំវិញការចោទប្រកាន់ពីការនាំចូលពីប្រទេសរុស្ស៊ី

បរទេស៖ កាសែត Economic Times បានរាយការណ៍កាលពីថ្ងៃចន្ទថា អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកការផ្ទេរប្រាក់ដែលមានតម្លៃប្រហែល ២៦ លានដុល្លារដោយក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់អ្នកលក់ពេជ្រឥណ្ឌា ជុំវិញការចោទប្រកាន់ពីការនាំចូលពីប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបង្កកដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នេះ បើតាមសេចក្តីរាយការណ៍ គឺបានកំណត់គោលដៅទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធពេជ្រឥណ្ឌា ដែលបានចុះបញ្ជីនៅក្នុងប្រទេសអារ៉ាប់រួម។

ការទូទាត់ប្រាក់ដុល្លារដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅ អារ៉ាប់រួម ត្រូវបានជាប់គាំងដោយសារតែការសង្ស័យថា ការផ្គត់ផ្គង់របស់ពួកគេមានប្រភពដើមពីរុស្ស៊ី ឬថា ពួកគេមានការវិនិយោគ និងទំនាក់ទំនងផ្សេងទៀតជាមួយអ្នករុករករ៉ែរុស្ស៊ី និងអង្គភាពដែលមានទណ្ឌកម្ម។

បើយោងតាមប្រធាន Vipul Shah ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញត្បូង និងគ្រឿងអលង្ការ (GJEPC) បានដោះស្រាយបញ្ហានេះជាមួយក្រសួងពាណិជ្ជកម្ម និងស្ថានទូតឥណ្ឌា ប្រចាំប្រទេសអារ៉ាប់រួម ។

លោក Vipul Shah បាននិយាយថា “យើងក៏កំពុងព្យាយាមពន្យល់ដល់ OFAC ថា ការទូទាត់ត្រូវបានធ្វើឡើងចំពោះអង្គភាពដែលមិនមានទណ្ឌកម្ម និងសូម្បីតែអង្គភាពរុស្ស៊ីមួយចំនួនផងដែរ មុនពេលទណ្ឌកម្មចូលជាធរមាន។ មានការនាំចូលពេជ្រដោយផ្ទាល់តិចតួចបំផុតពីប្រទេសរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top