ព័ត៌មានជាតិ

ប្ដី-ប្រពន្ធពីរនាក់បានស្លាប់ ក្រោយសង្ស័យពុលសត្វកំភេមខ្មោច

រូបភាពពី៖​ ​ហ្វេសប៊ុក

ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់សាធារណជន កុំពិសារ ឬបរិភោគ រុក្ខជាតិ និងសត្វល្អិតដែលមិនស្គាល់ធ្លាប់ពីមុនមក បន្ទាប់ពីប្ដី-ប្រពន្ធពីរនាក់បានស្លាប់ ក្រោយសង្ស័យពុលសត្វកំភេមខ្មោច។

តាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១០ សីហា បានឲ្យដឹងថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឬបណ្តាលឲ្យបាត់បង់អាយុជីវិត។ មន្ទីរសុខាភិបាល បានគូសបញ្ជាក់អំពាវនាវដល់សាធារណជនទាំងអស់កុំពិសារ ឬបរិភោគ រុក្ខជាតិ ឬសត្វល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមក ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។

មន្ទីរសុខាភិបាល បានឲ្យដឹងថា ” ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ២នាក់ ប្តី-ប្រពន្ធ រស់នៅក្នុងភូមិស្រែអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់បានបរិភោគ សត្វកំភេម ខ្មោច ដោយបុរសជាប្តីបរិភោគកំភេមខ្មោចចំនួន ៣ក្បាល និងស្ត្រីជាប្រពន្ធ បានបរិភោគកំភេមខ្មោចចំនួន ៥ក្បាល។ បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ១០នាទី ពួកគាត់មានអាការៈ រមាស់ ក្អួតចង្អោរ និងមានពងបែកក្នុងមាត់ ។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ ក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ” ។

ដោយឡែក ស្ត្រីជាប្រពន្ធបានស្លាប់ កាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២៣ និងបុរសជាប្ដីបានស្លាប់ នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០២៣។ កន្លងមក មន្ទីរសុខាភិបាល ក៏បានសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះថ្នាក់ដោយបរិភោគរុក្ខជាតិ ដូចជា៖ ផ្សិត ឬក៏សត្វល្អិត ដែលបណ្ដាលឲ្យពុល អ្នកខ្លះអាចជួយសង្គ្រោះបាន និងអ្នកខ្លះទៀតមិនអាចជួយសង្គ្រោះបាន៕

To Top