ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ទោះជួបបញ្ហាប្រឈមជាច្រើន តែកម្ពុជារក្សាបានយ៉ាងល្អ នូវសុខសន្តិភាព

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជារក្សាបានយ៉ាងល្អ ប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ ដែលពិបាកប៉ាន់ស្មានក្ដី»។

សម្ដេចបន្តថា ព្រមជាមួយគ្នានេះ កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់ជាតិនៅលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធាន ដឹកនាំសម្របសម្រួល កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំពាក់ព័ន្ធនានា ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAME) និងអា ស៊ានប៉ារ៉ាហ្គេម លើកទី១២(ASEAN PARA GAME) ជាមួយលទ្ធផលល្អប្រសើរ និងជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបានការ កោតសរសើរពីបណ្តាភ្ញៀវអន្តរជាតិ ក៏ដូចជាការគាំទ្រ និងអបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។

សម្ដេចបន្ថែមថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាក៏ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតគឺការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេច បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួម ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។

សម្ដេច ស ខេង គូសបញ្ជាក់ថា «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺពិតជាមិនអាចកាត់ផ្តាច់ បានពីការខិតខំប្រឹងប្រែង របស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ដែលបានបំពេញ ការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅ ដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា» ៕

To Top