បរទេស៖ សារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីការពារជាតិ និងឧស្សាហកម្មថា ប្រទេសឥណ្ឌា បានហាមឃាត់ក្រុមហ៊ុន ផលិតយន្តហោះគ្មានមនុស្សបើក យោធាក្នុងស្រុកពីការប្រើប្រាស់សមាសធាតុរបស់ចិន ។ របាយការណ៍បានអះអាងថា ការព្រួយបារម្ភនៅក្នុងទីក្រុង New Delhi អំពីទិន្នន័យរសើបដែលអាចត្រូវបានសម្របសម្រួលអាចនៅពីក្រោយការហាមឃាត់នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីយោធាឥណ្ឌា បានប្រាប់អ្នករៀបចំសំណើ ដែលមានសក្តានុពលសម្រាប់ការដេញថ្លៃ យន្តហោះគ្មានមនុស្សបើកនៅក្នុងកិច្ចប្រជុំចំនួនពីរកាលពីដើមឆ្នាំនេះថា ផ្នែកដែលបានទិញពីប្រទេសដែលមានព្រំដែនគោកជាមួយឥណ្ឌា នឹងមិនអាចទទួលយកបាន សម្រាប់ហេតុផលសន្តិសុខ។
របាយការណ៍បានឱ្យដឹងទៀតថា នេះគឺជាការនិយាយដោយប្រយោលចំពោះប្រទេសចិន ដែលឥណ្ឌាជាប់គាំងក្នុងជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ។ Reuters ក៏បានលើកឡើងពីអ្នកតំណាងឧស្សាហកម្មដែលបាននិយាយថា ការហាមឃាត់លើគ្រឿងបន្លាស់របស់ចិនបានបង្កើនតម្លៃនៃយន្តហោះគ្មានមនុស្សបើកដែលផលិតនៅឥណ្ឌា ខណៈដែលក្រុមហ៊ុនផលិតត្រូវរកប្រភពគ្រឿងបន្លាស់នៅកន្លែងផ្សេង។ Sameer Joshi របស់ក្រុមហ៊ុន NewSpace Research and Technologies ដែលមានមូលដ្ឋាននៅ Bengaluru បានប្រាប់ទីភ្នាក់ងារនេះថា រហូតដល់ 70% នៃទំនិញនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ត្រូវបានផលិតនៅក្នុងប្រទេសចិន។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា ខ្លួនមិនអាចបញ្ជាក់របាយការណ៍នេះបានទេ នៅពេលទាក់ទងដោយ RT ៕
ប្រែសម្រួលៈ ណៃ តុលា