ព័ត៌មានអន្តរជាតិ

FBI បាញ់សម្លាប់បុរសម្នាក់ ដោយចោទថា មានចេតនាសម្លាប់មេដឹកនាំអាមេរិក និងរដ្ឋអាជ្ញាទីក្រុងញូវយ៉ក

រូបភាពពី៖​ AFP

បរទេស៖ FBI បាននិយាយប៉ុន្មានម៉ោងមុនពេលមេបញ្ជាការ មកដល់រដ្ឋសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការមួយថា ភ្នាក់ងារសហព័ន្ធអាមេរិក បានបាញ់សម្លាប់បុរសម្នាក់នៅរដ្ឋ Utah ដែលត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតី លោក Joe Biden និងឥស្សរជនសាធារណៈដទៃទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃពុធ ខណៈដែលភ្នាក់ងារ FBI ព្យាយាមស្វែងរក និងមានដីកាចាប់ខ្លួននៅឯទីក្រុង Provo រដ្ឋ Utah របស់ឈ្មោះ Craig Deleeuw Robertson ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងឯកសារតុលាការដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ បុរសនេះត្រូវបានគេចាប់ខ្លួនពីបទចោទប្រកាន់សហព័ន្ធចំនួនបី រួមទាំងការគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតី និងការអនុវត្តច្បាប់ ក៏ដូចជាការគំរាមកំហែងអន្តររដ្ឋផងដែរ។

រដ្ឋាភិបាលបាននិយាយនៅក្នុងឯកសាររបស់ខ្លួន ដោយបន្ថែមថា ជនសង្ស័យបានធ្វើការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេតចំពោះលោក Biden កាលពីថ្ងៃច័ន្ទថ្មីៗនេះ ដោយ Robertson មានចេតនាសម្លាប់យ៉ាងហោចណាស់ គឺមេធាវីប្រចាំតំបន់ Manhattan លោក Alvin Bragg និងប្រធានាធិបតី Joe Biden ។

FBI បាននិយាយទៀតថា ខ្លួនកំពុងពិនិត្យមើលឧបទ្ទវហេតុនេះ ដោយកត់សំគាល់ថា ផ្នែកអធិការកិច្ចរបស់ខ្លួននឹងពាក់ព័ន្ធក្នុងការស៊ើបអង្កេត ហើយ មិនមានភ្នាក់ងារណាម្នាក់រងរបួសក្នុងអំឡុងពេលបាញ់ប្រហារនោះទេ។

ឯកសារដាក់បន្ទុកនោះ បន្តថា បន្ថែមពីលើការគំរាមកំហែងប្រឆាំងនឹងលោក Biden និង Bragg, ជនសង្ស័យត្រូវបានគេចោទប្រកាន់ថា បានលើកឡើងពីបញ្ជីវែងឆ្ងាយ នៃអ្នកនយោបាយ និងមន្ត្រីផ្សេងទៀតតាមអ៊ីនធឺណិត ដែលក្នុងនោះមានអនុប្រធានាធិបតី លោកស្រី Kamala Harris, អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក Merrick Garland, អភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom និងអគ្គរដ្ឋអាជ្ញាក្រុងញូវយ៉ក Letitia James ផងដែរ។ ជនសង្ស័យបានកំណត់អត្តសញ្ញាណខ្លួនឯងថាជា “MAGA Trumper” ហើយបានបង្ហោះការគំរាមកំហែងប្រឆាំងនឹងមន្ត្រីដែលត្រួតពិនិត្យករណីរបស់តុលាការពាក់ព័ន្ធនឹងអតីតប្រធានាធិបតី៕ ប្រែសម្រួលៈ ណៃ តុលា

To Top