បរទេស៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីព្រឹកថ្ងៃសុក្រ ដោយលើកឡើងពីសេវាសង្គ្រោះបន្ទាន់ថា អាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងមូស្គូ ដែលស្ថិតនៅភាគនិរតីនៃរដ្ឋធានីរុស្ស៊ី បានបិទអស់រយៈពេលជាងមួយម៉ោង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមព័ត៌មានពីប៉ុស្តិ៍ Telegram 112 គឺ ចរាចរណ៍ផ្លូវអាកាសត្រូវបានបញ្ឈប់ដោយសារតែ ការជូនដំណឹងពីការប្រុងប្រយ័ត្នរបស់យន្តហោះគ្មានមនុស្សបើករបស់សត្រូវ។ ជើងហោះហើរជាច្រើនដែលគ្រោងនឹងចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិ Vnukovo ត្រូវបានបង្វែរទៅអាកាសយានដ្ឋាន Domodedovo ដែលនៅក្បែរនោះ។
ចរាចរណ៍ផ្លូវអាកាសនៅ Vnukovo ត្រូវបានរំខាននៅពេលល្ងាចពាក់ព័ន្ធនឹងការរកឃើញដំបូងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើទីក្រុងម៉ូស្គូ។ ការប៉ុនប៉ងវាយប្រហារចុងក្រោយនេះត្រូវបានរាយការណ៍ដោយអភិបាលក្រុងម៉ូស្គូលោក Sergey Sobyanin និងក្រសួងការពារជាតិរុស្ស៊ី។
លោក Sobyanin បានសរសេរនៅលើ Telegram ថា ប្រព័ន្ធការពារអាកាសត្រូវបានដំណើរការនៅម៉ោងប្រហែល ៤ ព្រឹកម៉ោងក្នុងស្រុក។ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងត្រូវបានស្ទាក់ចាប់នៅតំបន់ Kaluga ភាគនិរតីនៃរដ្ឋធានី ហើយមួយទៀតត្រូវបានបាញ់ទម្លាក់នៅតំបន់ជុំវិញផ្លូវ Central Ring Road ដែលបំបែកទីក្រុង Moscow ពីតំបន់និរន្តរភាព។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ដោយដកស្រង់សាក្សីថា យន្តហោះគ្មានមនុស្សបើក បានធ្លាក់នៅជិតរោងចក្រវារីអគ្គិសនីនៅភាគខាងលិចនៃរដ្ឋធានី៕ ប្រែសម្រួលៈ ណៃ តុលា