ព័ត៌មានជាតិ

ក្រសួងបរិស្ថាន តម្រូវឱ្យរោងចក្រ ដែលបង្កឱ្យបំពុលទឹកស្ទឹងសង្កែប្ដូរទីតាំង ចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ និងពិន័យជាង៥០ម៉ឺនដុល្លារ

ភ្នំពេញ៖ ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រដែលបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ និងពិន័យជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ ។
តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមានការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ។

ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងប៉ះ ពាល់បរិស្ថាន ដោយផ្ទាល់ដូចជា ការនេសាទ ផលនេសាទ និងការផ្គត់ផ្គង់ទឹកស្អាតចំនួន ៩៣.៥៦០ដុល្លារ។ ក្រុមហ៊ុន ត្រូវបង់ប្រាក់សំណងចំនួន ៣៧៥.០០០ ដុល្លារផ្សេងទៀត ចំពោះការធ្វើឱ្យមានផលប៉ះពាល់ដោយប្រយោល មានដូចជាការបំពុលទឹកស្ទឹងសង្កែ និង សុខភាពសាធារណៈ។ ប្រាក់សំណងត្រូវបង់ មុនថ្ងៃទី២០ខែតុលា ឆ្នាំ២០២៣ជាកំហិត ទៅកាន់គណនេយ្យ ធនាគាររបស់គណៈកម្មាធិការ មូលនិធិបរិស្ថាននិងសង្គម។

ក្រសួងបរិស្ថានបានពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន១៥០លានរៀល លើបទល្មើស៥ករណីបន្ថែមចំពោះក្រុមហ៊ុនដោយក្នុងនោះពិន័យ លើបទល្មើសបំពុលទឹកស្ទឹង និងត្រីពុលងាប់ចំនួន៣០លានរៀល។ ករណីមិនបានអនុវត្ត តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន ៣០លានរៀល ។ ករណីមានចេតនាធ្វើឱ្យ លេច ធ្លាយ ឬមានចេតនាបញ្ចេញសំណល់រាវ ដោយមិនឆ្លងកាត់ការសម្អាតបង្កឱ្យមានការបំពុល ៣០ លានរៀល។

ករណីមិនបានបូម សំណល់ រាវពីស្រះស្តុក ទៅធ្វើការសម្អាតឱ្យអស់ តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឱ្យ មានការលេចធ្លាយសំណល់រាវ នេះចូលស្ទឹងសង្កែ ៣០លានរៀលនិងករណីដំណើការអាជីវកម្មដោយពុំទាន់មានការឯកភាព លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ចំននួន៣០លានរៀល។ការបង់ប្រាក់ពិន័យនេះ ត្រូវធ្វើនៅច្រកចេញ-ចូលតែមួយ នៃក្រសួង បរិស្ថាន មុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។

ជាងនេះទៅទៀត ក្រសួង តម្រូវឱ្យ ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល ស្ដារបរិស្ថានឡើងវិញ ទាំងក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់ មុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។ ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមចំណុចណាមួយ ក្រសួងបរិស្ថាននឹងចាត់ វិធានការតាមផ្លូវតុលាការ និងច្បាប់ជាធរមាន៕

To Top