ញូវយ៉ក៖ អនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានមកដល់ទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ សម្រាប់ការស្នាក់នៅរយៈពេលពីរថ្ងៃមុនពេលធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមពិធីសម្ពោធប្រធានាធិបតីថ្មី។
ការឆ្លងកាត់របស់លោក Lai ដែលជាបេក្ខជននាំមុខមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រទេសចិន ខឹងសម្បារ ដែលចាត់ទុកតៃវ៉ាន់ ជារបស់ខ្លួន និងប្រឆាំងនឹងទំនាក់ទំនងផ្លូវការណាមួយ រវាងប្រទេសផ្សេងទៀត និងកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយស្វ័យភាពមួយនេះ។
ទីក្រុងប៉េកាំង បានចាត់ទុកលោក Lai សមាជិកនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចក្រោមការដឹកនាំរបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen ជាឥស្សរជនគាំទ្រឯករាជ្យ។
តាមដំណើរត្រឡប់មកផ្ទះវិញពីប៉ារ៉ាហ្គាយ លោក Lai នឹងធ្វើដំណើរទៅទីក្រុង San Francisco នៅថ្ងៃទី១៦ និង១៧ ខែសីហា នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសលោក Alexander Tah-ray Yui។
កាសែត Liberty Times របស់តៃវ៉ាន់ បានរាយការណ៍ថា លោក Lai ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំជាមួយអ្នករស់នៅតៃវ៉ាន់ នៅសហរដ្ឋអាមេរិក និងជួបជាមួយមន្ត្រីសភាសហរដ្ឋអាមេរិក ក្នុងអំឡុងពេលស្នាក់នៅរបស់លោក។
លោក Lai នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដែលជាប្រទេសអាមេរិកខាងត្បូងតែមួយគត់ ដើម្បីរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ សម្រាប់ពិធីសម្ពោធប្រធានាធិបតីជាប់ឆ្នោត Santiago Pena នៅថ្ងៃទី១៥ ខែសីហា៕ ប្រែសម្រួល ឈូក បូរ៉ា