រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយឲ្យដឹងថា មានមនុស្សចំនួន៦នាក់ រួមទាំងកុមារ២នាក់ ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារមួយដោយអាវុធជាតិផ្ទុះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ។
បើតាមរបាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ កងកម្លាំងការពារប្រជាជន (PDF) បានបើកការវាយប្រហារនៅក្នុងភូមិ Yamanay នៃសង្កាត់ Kanbalu តំបន់ Sagaing ។
គេបានដឹងថា ភេរវករបានវាយប្រហារដោយទម្លាក់គ្រាប់បែក ដោយប្រើយន្តហោះគ្មានមនុស្សបើក និងអាវុធធុនស្រាល និងធុនធ្ងន់ ដោយបានសម្លាប់អ្នកស្រុកអស់ចំនួន៦នាក់ និង៣នាក់ផ្សេងទៀតរងរបួស ហើយអគារសិក្សាចំនួន២កន្លែងក៏ត្រូវបានបំផ្លាញផងដែរ ។
បុគ្គលិកសន្តិសុខបានចាប់ផ្តើមធ្វើការស៊ើបអង្កេតដើម្បីនាំជនល្មើសមកផ្តន្ទាទោស និងធានាថា ពួកគេប្រឈមមុខនឹងវិធានការដាក់ទណ្ឌកម្ម ៕