ព័ត៌មានជាតិ

អ្នកតាមដានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិន ស្វាគមន៍ចំពោះការវិនិយោគ របស់ចិន នៅកម្ពុជា

ភ្នំពេញ៖ អ្នកតាមដានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិនបានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ចិន នៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលដ្ឋកាន់តែច្រើន។លោកគង់ សិរីរ័ត្នអ្នកតាមអានផ្នែកសង្គម និងទំនាក់ទំនងកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រទេសចិន គឺជាដៃគូវិនិយោគរបស់កម្ពុជាយ៉ាងសំខាន់លើគ្រប់វិស័យជាពិសេសវិស័យកសិ-ឧស្សាហកម្ម។

ការវិនិយោគរបស់ចិននេះ បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងបង្កើតការងារជូនប្រជាពលរដ្ឋរាបសែននាក់នៅតាមមូលដ្ឋាន ហើយអាចកាត់បន្ថយការចំណាកស្រុកជាដើម។

លោកបាននិយាយ៖ « ការបោះទន់វិនិយោគរបស់ចិនបន្ថែម ទៅលើការវិនិយោគផ្សេងៗទៀត ហើយការវិនិយោគពេលនេះគឺវិស័យកសិកម្មហ្នឹង វាជារឿងមួយល្អណាស់ ព្រោះយើងមានកិច្ចសហប្រតិបត្តិល្អជាមួយចិន ក្នុងនាំចេញផលិតផលទៅកាន់ប្រទេសចិន។ អ៊ីចឹងពេលយើងមានក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មនេះ គឺកាន់តែល្អប្រសើរ ហើយកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយវិស័យកសិកម្មប្រទេសដទៃទៀត ហើយមានមុខមាត់ ទីផ្សារខ្ពស់នៅប្រទេសចិន ។ លើសពីនេះទៀត វាជាផ្នែកមួយជួយបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ» ។

ការលើកឡើងរបស់អ្នកវិភាគសង្គម និងទំនាក់ទំនងកម្ពុជា-ចិននេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនចិនដ៏ធំមួយ ឈ្មោះ Danong Development Group គ្រោងបោះទុនប្រមាណ ១២,៧ពាន់ដុល្លារ ដើម្បីធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មបែបទំនើប លើផ្ទៃដីចំនួន ៧៥ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី គម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក សៅ ស៊ូជី ប្រធានក្រុមហ៊ុន ដាណុង ឌីវេឡុបមែន គ្រុប បានលើកឡើងថា គោលបំណងនៃការវិនិយោគនេះ មានការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វ ចំនួន៤ប្រភេទ ទី១. ដាំស្មៅ សម្រាប់ចំណីសត្វ, ទី២. បង្កាត់ និងដាំពូជពោត, ទី៣. ដាំ និងកែច្នៃដំឡូមី និងទី៤. បង្កាត់ និងចិញ្ចឹមសត្វគោ និងជ្រូក ហើយផលិតផលកសិកម្មទាំងនេះភាគច្រើន គឺសម្រាប់នាំចេញទៅប្រទេសចិន ។

ចំពោះលោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនវិញ បានលើកឡើងថា ឆ្លងកាត់នាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន បានបន្តបង្កើនកម្លាំងពង្រីកឥទ្ធិពលជាលំដាប់ ប្រែជាមិត្តដែកថែប និងពន្លាតកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណសម្រាប់ផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ជាក់ស្តែងទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ២០២២ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង១១ពាន់ប្រាំមួយរយលានដុល្លារ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top