ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»

រូបភាពពីហ្វេសប៊ុកលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីរសៀលថ្ងៃ១៤ សីហា បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។

ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករក ទំនើបកម្ម បច្ចេកវិទ្យា ស៊ីវិល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន ។ នេះជាប្រសាសន៍លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

បើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា លោក សាយ សំអាល់ថា ការបង្កើតបានជាកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» មិនត្រឹមតែជាសមិទ្ធផលមួយប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញឲ្យឃើញជីវភាពរបស់ប្រជាជនកម្ពុជា បានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញធ្វើដំណើរកម្សាន្ត ជាមួយក្រុមគ្រួសារ មិត្តភក្តិគ្រប់ទីកន្លែង។

លោកបន្តថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយ ដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែលជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។ ទាំងនេះ ជាផ្លែផ្កានៃសុខសន្តិភាពដែលកំពុងទទួលបាន ហើយវប្បធម៌នៃសន្តិភាព ក៏បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូង ប្រជាជនកម្ពុជាគ្រប់រូបផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បង្កើតឡើងដើម្បីគាំទ្រ និងជំរុញឲ្យការផ្សព្វផ្សាយ អំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលដល់ អ្នកទេសចរក្នុងការស្វែងរកព័ត៌មាន ច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្ត ជាមួយនឹងមុខងារសំខាន់ៗ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ៕

To Top