ភ្នំពេញ ៖ លោក យន់ សុវណ្ណ ក្នុងនាមជាអ្នកស្រាវជ្រាវអង្ករ មានជាតិស្ករទាបនៅកម្ពុជា ដែលមានក្រុមហ៊ុនឈ្មោះបាយ័នស៊ីរៀល ជាកម្មសិទ្ធិផ្ទាល់ខ្លួន បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ មុននឹងទិញម្ហូបអាហារអ្វីយកមកបរិភោគ ត្រូវពិនិត្យពិច័យ ឲ្យបានច្បាស់លាស់ជាមុនសិន តាមរយៈការកម្រិត អាយអេសអូ (ISO)ឲ្យស្របតាមស្តង់ដារអន្តរជាតិ ដែលនឹងមិនធ្វើឲ្យប៉ះពាល់ សុខភាព ។
ក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ ស្តង់ដារម្ហូបអាហារជួយសង្គ្រោះជីវិតនៅព្រឹកថ្ងៃ១៦ សីហានេះ លោក យន់ សុវណ្ណ បានឆ្លៀត ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលក្រោយ បញ្ចប់ពិធីថា អាហារដែលស្របតាមស្តង់ដារ អន្តរជាតិពិតជាជួយជីវិត មនុស្សឲ្យមានភាព ប្រសើរឡើង គ្រប់ដំណាក់កាល ដូច្នេះស្តង់ដារនេះ មានសារៈសំខាន់ ជាសញ្ញាមួយសម្គាល់ថា អាហារមានសុវត្ថិភាព ។ អាហារស្តង់ដារ ដែលមានកម្រិតអាយអេសអូ មានក្រុមប្រទេសជា សមាជិកប្រមាណជា១៦៥ប្រទេស ។
លោកបានពន្យល់ ពីម្ហូបអាហារ កម្រិត ISO នេះថា បើសិនបានជួបប្រទះអាហារស្តង់ដារ ISO26642210នោះ សបញ្ជាក់ថា បានផ្តល់សុខភាព ឲ្យមនុស្សមានសុខភាពល្អគ្រប់ដំណាក់កាល និងគ្រប់វ័យ ។
លោកបញ្ជាក់ទៀតថា “អីចឹងទេជាសំណូមពរទៅអតិថិជនមុននឹងទិញម្ហូបអាហារយកទៅបរិភោគគួរតែ ពិនិត្យមើលអាហារហ្នឹង ស្របតាមស្តង់ដារអន្តរជាតិ ឬមួយក៏អត់ ។ នេះជារឿងមួយសំខាន់ណាស់ សម្រាប់កសាងសង្គមគ្រួសារ និងកសាងសង្គមជាតិ ឲ្យមានរុងរឿងយូរអង្វែងទៅថ្ងៃខាងមុខ”។
កម្ពុជាក៏មានច្បាប់សុវត្ថិភាពម្ហូបអាហារ ដែលត្រូវបានឡាយព្រះហស្តលេខា ដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីឆ្នាំ២០២២ ព្រមទាំងច្បាប់ និងគោលនយោបាយផ្សេងទៀត ដូចជា ច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីការ ការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពនៃផលិតផល និងសេវាកម្ម ៕