ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

រូបភាពពី៖​ AFP

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយចង្អុលបង្ហាញពីការកើនឡើងនៃវត្តមានយោធារបស់រដ្ឋលោកខាងលិចនៅក្នុងតំបន់អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ជាមួយនឹងសហរដ្ឋអាមេរិកបន្តធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានយោធារបស់ខ្លួន លោក Shoigu បានឲ្យដឹងនៅក្នុងសន្និសីទទីក្រុងម៉ូស្គូលើកទី១១ ស្តីពីសន្តិសុខអន្តរជាតិថា “យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសនានា​ នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​យើង​បាន​បង្កើត​ទំនាក់ទំនង​ពិសេស​ជា​ប្រវត្តិសាស្ត្រ”។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានកត់សម្គាល់ថា ការលេចឡើងនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល យន្តការជំរុញកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារការពារជាតិ និងតួនាទីរបស់ទីភ្នាក់ងារទាំងនេះក្នុងការវាយតម្លៃការគំរាមកំហែងផ្នែកសន្តិសុខត្រូវបានពិភាក្សាជាទៀងទាត់ក្នុងក្របខ័ណ្ឌនៃសន្និសីទសន្តិសុខ។

លោកបានលើកឡើងថា “លោកខាងលិចដោយភ័យខ្លាចការបែកបាក់នៃពិភពលោកគ្មានប៉ូល និងការប្រឈមមុខដាក់គ្នាដោយបើកចំហជាមួយសត្រូវដ៏រឹងមាំខាងយោធា កំពុងបង្កជម្លោះក្នុងតំបន់ជុំវិញពិភពលោក”។

លោកបានបន្ដថា គោលនយោបាយរបស់លោកខាងលិច មានគោលបំណងធ្វើឱ្យដៃគូប្រកួតប្រជែងចុះខ្សោយ ដើម្បីទទួលបានការគ្រប់គ្រងពេញលេញលើធនធាន ដែលមានស្រាប់ និងទប់ស្កាត់ការបង្រួបបង្រួមណាមួយក្នុងចំណោមអ្នក ដែលព្យាយាមប្រឆាំងនឹងដំណើរការនេះ។

សន្និសីទទីក្រុងម៉ូស្គូលើកទី១១ ស្តីពីសន្តិសុខអន្តរជាតិ បានប្រមូលផ្តុំអ្នកជំនាញ មន្ត្រីការពារជាតិ និងអ្នកការទូតមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top