ភ្នំពេញ៖ ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្ដាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តព្រះសីហនុ បានចេញបំរាម មិនឱ្យនេសាទ ឬចតនាវា លើទីតាំងតាមគន្លងខ្សែបណ្ដាញអគ្គិសនី កប់ក្រោមបាតសមុទ្រ ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន៖ ទូក កាណូត កប៉ាល់ សាឡង់ ថា អគ្គិសនីកម្ពុជា បានសាងសង់ខ្សែបណ្ដាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល តាមតំបន់ភូមិសាស្រ្ដខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្ដាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់ កោះទទឹង កោះស្ដេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្ចាស់ កោះតាទាម និងកោះរ៉ុង ដោយបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣កន្លងទៅនេះ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្ដាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន៖ ទូក កាណូត កប៉ាល់ សាឡង់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះមួយចំនួន ដូចខាងលើក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រ៕