ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជា សង្គមស៊ីវិលនិងយុវជន បង្ហាញក្តីរំពឹងថា ការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តជំរុញ ទំនាក់ទំនងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់អ្នក សារព័ត៌មានកម្ពុជាចិន នៅថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែនៅដដែលទេ ប៉ុន្តែថែមទាំងត្រូវពង្រឹងពង្រីកកាន់តែខ្លាំងថែមទៀត។
លោកបណ្ឌិតលើកឡើងថា៖ «ទំនាក់ទំនងកម្ពុជា-ចិន ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងកាន់តែរីកចម្រើន រឹងមាំមានស្ថិរភាពជាងមុន ជាពិសេស មិត្តភាពដែកថែប រវាងប្រទេសទាំងពីរនឹងមិនមានការប្រែប្រួល ផែនការកសាងសហគមន៍ជោគវាសនា រួមកម្ពុជាចិន ក៏មិនប្រែប្រួល ហើយភាពជាដៃគូ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រឹតតែមានលក្ខណៈស៊ីជម្រៅថែមទៀត ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ឆកោណត្បូងពេជ្រ នឹងត្រូវបានពង្រឹងឡើង»។
រីឯលោក យឹម អធិស័ក្តិ ជានិស្សិត សកលវិទ្យាល័យមេគង្គកម្ពុជាវិញបានឱ្យដឹងដែរថា ក្នុងនាមជាយុវជន លោកគិតថា ទំនាក់ទំនងកម្ពុជាចិន ក្នុងអាណត្តិ របស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺកាន់តែអភិវឌ្ឍន៍ឡើង ថែមមួយកម្រិតទៀត ។
លោកនិយាយថា ៖ « ចិន និងកម្ពុជាជាមិត្តដែលរួមរស់ ក្នុងសហគមន៍តែមួយ មានជោគវាសនាតែមួយ ដៃគូសហប្រតិបត្តិកាគ្រប់ជ្រុងជ្រោយទាំងក្នុងតំបន់ និងអន្តរជាតិ…នៅពេលដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី រដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដំណើរ ទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន ជាពិសេស ការអនុញ្ញាតឲ្យទំនិញ កសិកម្មរបស់កម្ពុជា មួយចំនួនធំ នាំចេញទៅចិនបាន»។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះកម្ពុជា និងចិននឹង ពន្លាតទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម ជាពិសេសបង្កើនបរិមាណកសិផលិតផលកម្ពុជា ទៅកាន់ទីផ្សារ របស់ប្រទេសចិនកាន់តែច្រើន។
សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នេះ ប្រទេសកម្ពុជា និងចិននឹងពង្រឹង នូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍ វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញ កិច្ចសហប្រតិបត្តិការ នៅក្នុងវេទិកាតំបន់និង អន្តរជាតិដើម្បីជាផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាព កម្ពុជាចិន