ព័ត៌មានអន្តរជាតិ

លោក Stoltenberg ៖ ណាតូ នឹងគាំទ្រអ៊ុយក្រែន រហូតទទួលបានជ័យជំនះ

បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការលើកឡើងថា អង្គការណាតូ នឹងជួយគាំទ្រព្រមទាំងបំពាក់អាវុធដល់អ៊ុយក្រែន រហូតដល់រដ្ឋាភិបាលក្រុងគៀវ ទទួលបានជ័យជំនះនិងអាចមានសិទ្ធគ្រប់គ្រាន់ ក្នុងការចរចាជាមួយនឹងប្រទេសរុស្សី។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូរូបនេះបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សារបស់លោក Stoltenberg បានលើកឡើងថាប្រទេសអ៊ុយក្រែនទំនឹងជានឹងត្រូវបង្ខំចិត្ត ក្នុងការបោះបង់ទឹកដីរបស់ខ្លួនមួយចំនួនចោលដើម្បីដោះដូរខ្លួនទៅជាសមាជិករបស់អង្គការណាតូ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Stoltenberg បានថ្លែងទៀតថា ណាតូ នឹងបន្តគាំទ្រអ៊ុយក្រែន និងយោធាអ៊ុយក្រែន ហើយយើងនឹងបន្តរហូតដល់អ៊ុយក្រែន ទទួលបានសន្តិភាពពីព្រោះថា វាគ្មានបញ្ហាអ្វីចោទឡើយសម្រាប់ណាតូ។

លោកបានបន្តថា៖វាគឺជាបញ្ហារបស់អ៊ុយក្រែន ដូច្នេះមានតែអ៊ុយក្រែនទេដែលអាចសម្រេចថា នៅពេលណាលក្ខខណ្ឌចាំបាច់សម្រាប់ការចរចាហើយអ្នកណាអាចសម្រេចចិត្តជុំវិញតុចរចា និងតើអ្វីជាដំណោះស្រាយដែលអាចទទួលយកបានសម្រាប់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top