ព័ត៌មានជាតិ

សម្ដេច ស ខេង សូមការយោគយល់ បើសម្ដេច ខ្វះខាតកន្លែងណាមួយ ក្នុងការដឹកនាំ៣០ឆ្នាំមកនេះ

រូបភាពពី៖​ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឱកាសជួបមន្រ្តីក្រោមឱវាទរបស់ក្រសួងទាំងអស់ មុនចាកចេញពីតំណែងជារដ្ឋមន្រ្តីមហាផ្ទៃសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសូមការយោគយល់អធ្យាស្រ័យ ប្រសិនបើសម្ដេច មានការឆ្គាំឆ្គង លើសលួស ខ្វះខាតកន្លែងណាមួយ ដោយអចេតនា ក្នុងការដឹកនាំក្រសួងមហាផ្ទៃ រយៈពេល ៣០ឆ្នាំកន្លងមកនេះ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នាថ្ងៃ១៧ សីហា សម្តេច ស ខេង បានលើកឡើងក្នុងរយៈពេលជាង ៣០ឆ្នាំដែលសម្តេចបានដឹកនាំថា មន្ដ្រីទាំងអស់បានរួមគ្នាកសាងស្ថាប័នក្រសួងមហាផ្ទៃ ឲ្យក្លាយទៅជាស្ថាប័នមួយដ៏រឹងមាំ អាចរ៉ាប់រងអនុវត្តសម្រេចបាន នូវសមិទ្ធផលនានាជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនោះ សម្ដេចក៏បានឯកភាព និងគាំទ្រចំពោះការគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃសម្រេចបាន ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះផងដែរ។

សម្តេចបញ្ជាក់ថា សមិទ្ធផល និងស្នាដៃក្រសួងមហាផ្ទៃសម្រេចបានកន្លងមកនេះ មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ម្នាក់ឯងនោះឡើយ ជោគជ័យ នៃសមិទ្ធផលទាំងនេះ កើតឡើងដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជំនាន់បានចូលរួមទទួលខុសត្រូវជាមួយសម្ដេច ក្នុងការដឹកនាំ និងចូលរួមបំពេញតួនាទី របស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំក៏សូមការយោគយល់អធ្យាស្រ័យពីសំណាក់ឯកឧត្តម-លោកជំទាវ អស់លោក-លោកស្រី ទាំងអស់ ប្រសិនបើរូបខ្ញុំ មានការឆ្គាំឆ្គង លើសលួស ខ្វះខាតណាមួយ ដោយអចេតនា ក្នុងការដឹកនាំ ឬគ្រប់គ្រងក្រសួងមហាផ្ទៃ ក្នុងពេល៣០ឆ្នាំកន្លងមកនេះ»។

សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃ គឺជាស្ថាប័នដ៏សំខាន់មួយដែលត្រូវរ៉ាប់រងការងារនានាជាច្រើន ទាំងការងារសន្ដិសុខ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងអត្ដសញ្ញាណកម្ម និងការចុះបញ្ជីប្រជាពលរដ្ឋ និងការគ្រប់គ្រងជនបរទេស ការងារពន្ធនាគារ ការចុះបញ្ជីគណបក្សនយោបាយ សមាគម អង្កការមិនមែនរដ្ឋាភិបាលដែលការងារទាំងនេះ មានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងបរិយាកាស ការអភិវឌ្ឍសង្គមទាំងមូលផងដែរ៕

To Top