ហាណូយ៖ សារព័ត៌មានក្នុងស្រុក Vietnam News បានរាយការណ៍ថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសវៀតណាម ប្រឈមនឹងការខ្វះខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារតែការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការពង្រីកព្រលានយន្តហោះនៅទូទាំងប្រទេស។
ប្រធាននាយកដ្ឋានសេដ្ឋកិច្ចដឹកជញ្ជូនផ្លូវអាកាស នៃបណ្ឌិត្យសភាអាកាសចរណ៍វៀតណាម បានឲ្យដឹងថា មានតម្រូវការយ៉ាងសំខាន់ សម្រាប់អ្នកជំនាញអាកាសចរណ៍នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានធំៗដូចជា អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅទីក្រុងហូជីមិញ និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ។
ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាម ផ្តល់ការងារដល់បុគ្គលប្រមាណ ៤៤ម៉ឺន នាក់ក្នុងប្រតិបត្តិការដឹកជញ្ជូន កំពង់ផែ និងជើងហោះហើរ។ ប៉ុន្តែកម្លាំងការងារបរាជ័យក្នុងការបំពេញតម្រូវការ ដែលកំពុងកើនឡើងរបស់ឧស្សាហកម្មនេះ។
លោក Ha Nam Khanh Giao នាយករងនៃបណ្ឌិត្យសភាបានស្នើថា វៀតណាម សហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្តុះបណ្តាលបរទេស ដើម្បីបញ្ជូននិស្សិតទៅសិក្សានៅបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បន្ថែមពីលើការពង្រីកអាកាសយានដ្ឋាន ចំនួនអ្នកដំណើរក្នុងប្រទេសវៀតណាម កំពុងងើបឡើងវិញជាបណ្តើរៗ។ យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ វៀតណាម បានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាង 33.8 លាននាក់ កើនឡើង ២២,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមការិយាល័យបានឱ្យដឹងថា ប្រទេសនេះបានស្វាគមន៍ការមកដល់អន្តរជាតិជាង ៦,៦ លាននាក់ក្នុងរយៈពេលដូចគ្នា ដែលក្នុងនោះការមកដល់ប្រទេសវៀតណាម តាមអាកាសស្មើនឹង ៨៧,៦ភាគរយ នៃចំនួនសរុប៕ ប្រែសម្រួល ឈូក បូរ៉ា