ព័ត៌មានជាតិ

ព្រះមហាក្សត្រ ស្នើតំណាងរាស្ត្រត្រូវធ្វើតំណាងប្រជាជាតិខ្មែរ , ព្រះអង្គមានជំនឿមុតមាំលើរាជរដ្ឋាភិបាលថ្មី

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលឲ្យតំណាងរាស្ត្រក្នុងរដ្ឋសភា ត្រូវជាតំណាងប្រជាជាតិខ្មែរទាំងមូល ដោយធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា ។ ជាមួយនឹងមានព្រះរាជបន្ទូលដ៏មានអត្ថន័យនេះ អង្គព្រះមហាក្សត្រក៏បានបង្ហាញជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលមានកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រយ៉ាងនេះ ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងដូច្នេះថាថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាលដែលរដ្ឋសភា ប្រារព្ធបើកសម័យប្រជុំដំបូងស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ កម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត ។

ព្រះអង្គមាន្រះរាជបន្ទូលទៀតថា ចាប់ពីរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល៣០ឆ្នាំហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍គ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋបានរ ស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានមានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។

ក្នុងសម័យប្រជុំលើកដំបូងនេះដែរព្រះអង្គបានមានព្រះរាជបន្ទូលបញ្ជាក់ថា «តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន »។

ព្រះអង្គក៏បានគូសបញ្ជាក់ថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ។

ក្នុងឱកាសនោះដែរ ព្រះអង្គក៏បានមានព្រះរាជបន្ទូលគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គមដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៍ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ »។

នៅក្នុងអង្គប្រជុំព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ៕

To Top