ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលឆ្លងទ្វីប

រូបភាពពី៖ ​KYODO

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង។

កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។

KCNA បានចុះផ្សាយថា លោក Kim “សរសើរកប៉ាល់” ដែលលោកបានឡើងជិះ “សម្រាប់ការរក្សាបាននូវភាពចល័តខ្ពស់ និងថាមពលដ៏ខ្លាំងក្លា និងការត្រៀមខ្លួនជានិច្ច សម្រាប់ការប្រយុទ្ធ ដើម្បីទប់ទល់” ជាមួយនឹងស្ថានភាពភ្លាមៗណាមួយ។

លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការលើកកម្ពស់ទំនើបកម្មនៃសព្វាវុធ និងឧបករណ៍កងទ័ពជើងទឹក រួមទាំងការកសាងនាវាចម្បាំងដ៏មានអានុភាព និងការអភិវឌ្ឍន៍នាវា និងប្រព័ន្ធអាវុធក្រោមទឹក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹកយ៉ាងឆាប់រហ័ស។

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ KCNA បានឲ្យដឹងថា កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរបស់អគ្គសេនាធិការ នៃកងទ័ពកូរ៉េខាងជើង បានថ្កោលទោសការឈ្លានពានដែនអាកាសពីលើតំបន់សេដ្ឋកិច្ចរបស់ទីក្រុងព្យុងយ៉ាង ក្នុងសមុទ្រជប៉ុនកាលពីថ្ងៃមុនដោយយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អគ្គសេនាធិការរបស់ប្រទេសកំពុងពិនិត្យមើលផែនការ ដើម្បីរក្សាការដាក់ពង្រាយឥតឈប់ឈរនៃកប៉ាល់ ដែលផ្ទុកដោយកាំជ្រួចប្រឆាំងយន្តហោះប្រភេទថ្មីនៅក្នុងដែនទឹកប្រហែល ៤៥០គីឡូម៉ែត្រពីទីក្រុងវ៉ុនសាន ដែលជាទីក្រុងកំពង់ផែនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top