ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ហ៊ុន ម៉ាណែត បានធ្វើឲ្យខ្ញុំមានមោទកភាពបំផុត សក្កិសមនឹងតម្លៃដែលខ្ញុំបានលះបង់ពីអតីតកាល ដោយយកជីវិត យកក្បាលធ្វើជាដើមទុន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីភាពរស់រានមានជីវិត របស់ប្រជាពលរដ្ឋរហូតដល់បច្ចុប្បន្ន” ។ ចំណុចដែលសម្តេចបានរៀបរាប់នេះ បានធ្វើឲ្យសម្តេចស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនទុកជាមុន ។
ចំពោះការស្រក់ទឹកភ្នែកនេះដែរ សម្តេចគូសបញ្ជាក់ថា មិនមែនជាការស្រក់ទឹកភ្នែកដើម្បីទាក់ទាញ សំឡេងគាំទ្រអ្វីនោះទេ ប៉ុន្តែជាការពិតនៅក្នុងជីវិតសម្តេច ដែលសម្តេចមានភាពល្វីងជូរចត់ជាមួយ កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែតច្រើនជាងគេ ក្នុងចំណោមកូនទាំង៥ ។
សម្តេចក៏បានរំលឹកថា នៅពេលឆ្លងដអ្នកលឿន ឡើងមកភ្នំពេញក្រោយបែកសម័យប៉ុលពត ហ៊ុន ម៉ាណែត ឃើញកូនគេញាំនំប៉័ង ហើយឃ្លានទារម្តាយដែលជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែនៅពេលនោះគ្មានលុយទិញឲ្យទេ ។ ចំណុចនេះ បានធ្វើឲ្យសម្តេចខ្លោចចិត្តជាខ្លាំង ។
ស្របពេលនឹងការប្រកាសចូលកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មីកម្ពុជាផ្លូវការពីសំណាក់បណ្ឌិតហ៊ុន ម៉ាណែតនេះ ក៏ដូចគ្នានឹងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទ ដែលបានចាក់ផ្សាយយប់មិញ ក្នុងពេលម៉ាណែត អត់ស្គាល់សម្តេចជាឪពុក ។ កត្តានេះកាន់តែធ្វើឲ្យសម្តេចរំជួលចិត្តទ្វេដង ៕