ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃឡង់ដ៏ ចូលកាន់តំណែងជាផ្លូវការ ក្រោយទទួលបានការឯកភាពពីព្រះមហាក្សត្រ

បាងកក៖ កាលពីថ្ងៃពុធម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃឡង់ដ៏ បានចូលកាន់តំណែងដោយមានការឯកភាពពីព្រះមហាក្សត្រ ដោយដឹកនាំក្រុមចម្រុះដែលមានភាពចម្រូងចម្រាស រួមទាំងគណបក្សគាំទ្រដោយរបបយោធា ដែលមានទំនាក់ទំនងជាមួយអតីតអ្នកធ្វើរដ្ឋប្រហារកាលពីពេលកន្លងមកផងដែរ ។

ការតែងតាំងអតីតមហាសេដ្ឋីអចលនទ្រព្យលោក Srettha Thavisin មកពីគណបក្សភឿថៃ ដែលជាប់ពាក់ព័ន្ធជាយូរមកហើយជាមួយមហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ចប់ភាពជាប់គាំងខាងផ្នែកនយោបាយជាច្រើនខែក្រោយពីការបោះឆ្នោតសកលកាលពីខែឧសភា ។

លោកត្រូវបានបញ្ជាក់ដោយការបោះឆ្នោតសភាកាលពីថ្ងៃអង្គារ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រថៃឡង់ដ៏ វិញពីការនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារភ្លាមៗលើសំណុំរឿងពុករលួយ ។

លោក Srettha បានទទួលបញ្ជាជាលាយលក្ខណ៍អក្សររបស់ព្រះមហាក្សត្រ មហា វីជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ឱ្យបង្កើតរដ្ឋាភិបាលនៅក្នុងពិធីមួយនៅទីស្នាក់ការកណ្តាលរបស់បក្សភឿថៃនៅវេលាម៉ោង៦ល្ងាចម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១ព្រឹកម៉ោងសកល ហើយទំនងជានឹងប្រកាសគណៈរដ្ឋមន្ត្រីនៅថ្ងៃខាងមុខនេះ ។

នៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ជាតិបន្ទាប់ពីការឯកភាពនោះ លោក Srettha បានសន្យាថា នឹងនាំមកនូវការរួបរួមរបស់ប្រទេស និងលើកកម្ពស់គោលនយោបាយដែលនឹងដោះស្រាយវិបត្តិ និងជំរុញប្រទេសឆ្ពោះទៅមុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top