ព័ត៌មានជាតិ

អតីតប្រមុខការទូតខ្មែរ ប្រាក់ សុខុន នឹងបម្រើការជូនជាតិ-ប្រជាជន ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

ភ្នំពេញ ៖ លោក ប្រាក់ សុខុន អតីតប្រមុខការទូតខ្មែរ នឹងចូលបម្រើការងារជូនជាតិ និងប្រជាជន ក្នុងឋានៈនិងតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ ។

កាលពីថ្ងៃទី២៣ សីហា លោក ប្រាក់ សុខុន បានផ្ទេរជាផ្លូវការនូវតំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជូន ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ក្រោយបានដឹកនាំក្រសួង និងការងារការទូតអស់រយៈពេលជាង៧ឆ្នាំមក។

ក្នុងឱកាសដ៏ឧឡារិកនោះ លោកបានថ្លែងសុន្ទរកថា ដែលលោកបានសរសេរដោយផ្ទាល់ផងដែរ ។ ក្នុងសុន្ទរកថាថ្ងៃផ្ទេរតំណែងនោះ លោក ប្រាក់ សុខុន ពោលពាក្យរំជួលចិត្តថា «ថ្ងៃនេះ យើងមិនមានបាត់បង់នរណាទេ ប៉ុន្តែខ្ញុំក៏ត្រូវទទួលស្គាល់ដែរថា ដូចក្នុងករណីរបស់មិត្តខ្ញុំដែរ នេះជាពេលវេលាដ៏រំជួលចិត្ត បំផុតមួយសម្រាប់ខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង ៤៤ឆ្នាំ ដែលខ្ញុំធ្វើការជូនរដ្ឋ និងក្រោយ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស» ។

លោកបញ្ជាក់ថា «ពីពេលនេះទៅ ខ្ញុំនឹងបំរើការងារជូនជាតិ និងប្រជាជនក្នុងឋានៈ និងតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ» ។

អ្នកតំណាងរាស្ត្ររូបនេះ ក៏បានអរគុណជាអានេកដល់បងប្អូន មិត្តភ័ក្តិទាំងឡាយដែលបានគាំទ្រ និងលើកទឹកចិត្តរូបលោក ក្នុងការងារការទូត ឆ្លងកាត់វិញ្ញាសារ និងការប្រឈមដ៏លំបាកស្មុគ្រស្មាញកន្លងមកផងដែរ ៕

To Top