ព័ត៌មានអន្តរជាតិ

លោក Pita ទូរស័ព្ទអបអរសាទរ នាយករដ្ឋមន្រ្តីទី៣០ របស់ថៃ និងថា បក្សរបស់លោក នឹងធ្វើការងារដើម្បីធានាថា រដ្ឋាភិបាលថ្មី គ្មានអំពើពុករលួយ

ប្រភព ៖ Xinhua

បរទេស ៖ មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat កាលពីថ្ងៃសុក្របានលាតត្រដាងថា លោកបានទូរស័ព្ទទៅលោក ស្រែថា ថាវិនស៊ីន ដើម្បីអបអរសាទរ ដែលលោកបានក្លាយជា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pita បាននិយាយថា លោកបានទូរស័ព្ទ ទៅនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ដើម្បីជូនពរលោក ចំពោះការបោះឆ្នោតដោយសភាថៃ។

លោក​បាន​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ថ្មី ​ស្តារ​ការ​រួបរួម​របស់​ប្រទេស​ឡើង​វិញ ​ក្នុង​ពេល​ដឹកនាំ​រដ្ឋាភិបាល ​សម្រាប់​ពលរដ្ឋ​ថៃ​ទាំង​អស់ ។

ខណៈដែលគណបក្ស របស់លោកឥឡូវនេះនៅក្នុងបក្សប្រឆាំង លោក Pita បាននិយាយថា គណបក្ស Move Forward នឹងផ្តោតលើការបំពេញ កាតព្វកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យ និងតុល្យភាព ដើម្បីធានាថា រដ្ឋាភិបាលថ្មី គ្មានអំពើពុករលួយ។

លោក ស្រែថា បេក្ខជននាយករដ្ឋមន្ត្រី នៃមេដឹកនាំសម្ព័ន្ធភាពបក្សភឿថៃ ទទួលបានការគាំទ្រភាគច្រើនពីសភា នៅក្នុងកិច្ចប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត កាលពីថ្ងៃអង្គារ។ លោក​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន ៤៨២ ពី​សមាជិក​សភា ៧៥០ រូប ដោយ​មាន ១៦៥ សំឡេង​ប្រឆាំង និង ៨១ អនុប្បវាទ ។

លោក ស្រែថា បានទទួលព្រះរាជបញ្ជា ដោយយល់ព្រមលើការតែងតាំង របស់លោកនៅក្នុងពិធីមួយ ដែលធ្វើឡើងនៅទីស្នាក់ការ កណ្តាលរបស់ភឿថៃ កាលពីថ្ងៃពុធ។

ចំណែក គណបក្ស Move Forward បានឈ្នះចំនួនអាសនៈសមាជិកសភាច្រើនបំផុត នៅក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ប៉ុន្តែលោក Pita បរាជ័យក្នុងការទទួលបានការគាំទ្រ ភាគច្រើនពីសភា ដែលទាមទារ ដើម្បីទទួលបានការងារ នយោបាយកំពូល។

នៅពេលសួរថា តើលោករំពឹងថានាយករដ្ឋមន្ត្រីថ្មី និងរដ្ឋាភិបាល នឹងធ្វើអ្វី លោក Pita បាននិយាយថា ពួកគេគួរតែដោះស្រាយនូវអ្វីដែលលោកហៅថា “វិបត្តិទំនុកចិត្ត” នៅក្នុងរដ្ឋាភិបាលថៃ ជាពិសេសនៅក្នុងប្រទេសថៃ និងជាទូទៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ។

លោកថា «ខ្ញុំ​បាន​ឮ​លោក​ ស្រែថា​ និយាយ​ថា​ លោកនឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​របស់​ប្រជាជន ។ ខ្ញុំសង្ឃឹមថា លោកអាចធ្វើបាន។ ដរាបណាលោកដឹងថា អំណាចចុងក្រោយជា របស់ប្រជាជន ហើយលោកស្តាប់ប្រជាជន ខ្ញុំជឿថា លោកស្រែថា អាចធ្វើបាន”។

លោក​បាននិយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ​ពេល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​បេក្ខជន Move Forward ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ខាង​មុខ​នៅ​ខេត្ត Rayong ៕
ប្រែសម្រួលៈ ណៃ តុលា

To Top