ព័ត៌មានអន្តរជាតិ

អាស៊ាន ព្រមព្រៀងគ្នាជំរុញ កិច្ចសហប្រតិបត្តិការ លើការប្រែប្រួល អាកាសធាតុ

ប្រភព ៖ Xinhua

វៀងច័ន្ទ ៖ រដ្ឋជាសមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌល អាស៊ានសម្រាប់ការប្រែប្រួល អាកាសធាតុ ដើម្បីបង្កើន វិធីសាស្រ្ត សម្របសម្រួល និងសមាហរណកម្ម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុក្នុងតំបន់។

កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ គឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តនៅក្រោម អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការរួមចំណែក ដែលបានកំណត់ដោយជាតិ។

មជ្ឈមណ្ឌលនេះនឹងកំណត់ផែនការជាតិ និងយុទ្ធសាស្ត្រលើការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ រួមទាំងការកាត់បន្ថយ និងការបន្សាំ ដែលឆ្លុះបញ្ចាំងពីសមធម៌ និងគោលការណ៍នៃការទទួលខុសត្រូវរួម ប៉ុន្តែខុសគ្នា និងសមត្ថភាពរៀងៗខ្លួន ដោយផ្អែកលើកាលៈទេសៈជាតិផ្សេងៗគ្នា។

មជ្ឈមណ្ឌលនេះក៏នឹងរៀបចំការ សម្របសម្រួលក្នុងតំបន់ ស្តីពីគំនិតផ្តួចផ្តើមការប្រែប្រួល អាកាសធាតុក្នុងចំណោមរដ្ឋ ជាសមាជិកជាមួយរដ្ឋាភិបាល ជាតិពាក់ព័ន្ធ និងអង្គការក្នុងតំបន់ និង អន្តរជាតិ ព្រមទាំងផ្តល់អនុសាសន៍គោលនយោបាយ ស្តីពីការដោះស្រាយការប្រែប្រួល អាកាសធាតុដល់រដ្ឋជាសមាជិក។

គួរបញ្ជាក់ថា គោលដៅផ្សេងទៀតរួមមានការបង្កើតកម្មវិធីពង្រឹងសមត្ថភាព ដើម្បីកែលម្អសមត្ថភាពការងារលើការដោះស្រាយការប្រែប្រួលអាកាសធាតុ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top