ព័ត៌មានអន្តរជាតិ

ជប៉ុន សម្តែងការព្រួយបារម្ភ ជុំវិញការយាយីរបស់ចិន លើការបញ្ចេញទឹកហ្វូគូស៊ីម៉ា

ប្រភព៖ Kyodo

តូក្យូ៖ ប្រទេសជប៉ុន បានសម្តែងការព្រួយបារម្ភ ចំពោះការយាយីពលរដ្ឋរបស់ខ្លួនដោយប្រជាជនចិន បន្ទាប់ពីការចាប់ផ្តើមនៃការចេញផ្សាយទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា កាលពីសប្តាហ៍មុនដោយ​ថា​ “វាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់” ។

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសជប៉ុន នឹងបន្តជំរុញឱ្យប្រទេសចិនផ្តល់ “ព័ត៌មានត្រឹមត្រូវ” ស្តីពីសុវត្ថិភាពនៃទឹក ដែលត្រូវបានព្យាបាលតាមរយៈដំណើរការ ដែលមានសមត្ថភាពដកចេញនូវសារធាតុ radionuclides ភាគច្រើន លើកលែងតែសារធាតុ tritium ។

នៅក្នុងប្រទេសចិន មនោសញ្ចេតនាប្រឆាំងជប៉ុន បាននិងកំពុងកើនឡើងចាប់តាំងពីការបង្ហូរទឹកចេញពីបរិវេណនុយក្លេអ៊ែរ ដែលពិការចូលទៅក្នុងសមុទ្រ បានចាប់ផ្តើម កាលពីថ្ងៃព្រហស្បតិ៍។ មានរបាយការណ៍អំពីការហៅទូរស័ព្ទរំខាន ដែលគេជឿថា មានប្រភពមកពីប្រទេសចិន និងការអំពាវនាវ តាមអ៊ីនធឺណិត ដើម្បីពហិការផលិតផលជប៉ុន។

ដោយកត់សម្គាល់​ថា អ្នកប្រើប្រាស់ចិន ជាច្រើនបានជៀស វាងការទិញផលិតផលជប៉ុន ក៏ដូចជាការលុបចោលការធ្វើដំណើរ របស់ពួកគេទៅកាន់ ប្រទេសជិតខាងមួយនេះ លោក Matsuno បានលើកឡើងថា រដ្ឋាភិបាល នឹងស្នើឱ្យទីក្រុងប៉េកាំង អំពាវនាវឱ្យជនជាតិរបស់ខ្លួនចាត់វិធានការ យ៉ាងស្ងប់ស្ងាត់ ។

ប៉ុន្តែ​លោក Matsuno អ្នកនាំពាក្យ​កំពូល​របស់​រដ្ឋាភិបាល​បាន​បន្ថែមថា សេដ្ឋកិច្ច​ជប៉ុន ​ទំនងជា​មិន​ត្រូវបាន​ប៉ះពាល់​ដោយ​យុទ្ធនាការ​ធ្វើ​ពហិការ​នោះទេ។ លោកក៏បានសន្យាថា នឹងអនុវត្តវិធានការ ដែលអាចធ្វើទៅបាន ដើម្បីធានាសុវត្ថិភាពរបស់បុគ្គលជប៉ុន ដែលកំពុងស្នាក់នៅក្នុងប្រទេសចិន។

ទន្ទឹម​នឹង​នេះ ប្រធាន​សម្ព័ន្ធ​យុវជន ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ​ដែល​កំពុង​កាន់​អំណាច​បាន​ផ្អាក​ដំណើរ ​ទៅ​ប្រទេស​ចិន។ លោក Matsuno បានលើកឡើងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា នឹងផ្តល់ជំនួយក្នុងការរៀបចំដំណើរ ទេសចរណ៍ឡើងវិញនៅ “ពេលវេលាសមស្រប” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top