បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងគាំទ្រពីក្រោយចំពោះសកម្មភាពយោធា ទាំងឡាយណាដែលធ្វើឡើងដោយប្លុកសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងលិច ឬ ECOWAS នៅក្នុងបញ្ហាធ្វើរដ្ឋប្រហារនៅនីហ្សៀ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញនោះ។
យោងតាមការចេញផ្សាយរបស់ RT លោក Macron បានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបណ្តេញអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចេញពីរដ្ឋធានី Niamey ដោយរដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារក្នុងប្រទេសកាលពីខែកន្លងមក។
ក្រសួងការបរទេសនីហ្សៀ បានប្រកាសកាលពីថ្ងៃសុក្រថា បេសកជនពិសេសរបស់បារាំងមានពេល៤៨ម៉ោងដើម្បីចាកចេញ ពីប្រទេសសម្រាប់ការបដិសេធមិនជួបជាមួយមេដឹកនាំយោធាថ្មី និងសម្រាប់សកម្មភាពផ្សេងទៀតរបស់រដ្ឋាភិបាលបារាំង ដែលធ្វើផ្ទុយទៅនឹងផលប្រយោជន៍របស់នីហ្សៀ។
ទោះបីជាយ៉ាងណាក្តីប្រធានាធិបតីបារាំង រូបនេះបានបញ្ជាក់ថាអគ្គរដ្ឋទូតបារាំង នឹងនៅតែបន្តស្នាក់នៅក្នុងប្រទេសនីហ្សៀ ដដែលមិនខ្វល់ទៅនឹងការចេញបញ្ជាដោយមេដឹកនាំយោធានេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី