ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ យោធាអាមេរិក ទើបយល់ឃើញថា អ៊ុយក្រែន កំពុងខ្ជះខ្ជាយអាវុធខ្លាំង

រូបភាពពី៖​ AFP

បរទេស៖ អ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក បានលើកឡើងថា មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ។

យោងតាមការចេញផ្សាយរបស់ RT អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិកនិងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំងចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេល នៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ។

យោងតាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។

ផ្ទុយទៅវិញ មន្ទីរបញ្ចកោណជឿជាក់ថា ការប្រយុទ្ធគ្នាប្រហែលជាអូសបន្លាយដល់ឆ្នាំ២០២៤ហើយអាចលើសពីនេះ ដែលវាមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងត្រូវបន្តគាំទ្រកងកម្លាំងរបស់គៀវបន្តទៀតជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

To Top