ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន កំពុងរៀបចំឯកសារ ដើម្បីសុំការលើកលែងទោស ពីព្រះមហាក្សត្រ

រូបភាពពី៖​ KYODO

បរទេស៖ មេធាវីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងរៀបចំឯកសារចាំបាច់ទាំងអស់ ដើម្បីស្វែងរកសុំការលើកលែងទោសពីព្រះមហាក្សត្រ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក វិនយ៉ាត ឆាតម៉ុនទ្រី (Winyat Chartmontree) មេធាវីរបស់លោក ថាក់ស៊ីន បានបន្ថែមថា កាលបរិច្ឆេទមិនទាន់កំណត់នៅឡើយទេ។ ជាធម្មតា អ្នកទោសដែលបានអនុវត្តទោសមួយភាគបី ឬជាប់ពន្ធនាគារយ៉ាងតិច៨ឆ្នាំ ទើបអាចដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្របាន។

លោកថាក់ស៊ីន អាយុ៧៤ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយត្រូវបានបញ្ជូនទៅកាន់កន្លែងដាច់ពីគេនៃពន្ធនាគារ Remand ក្រុងបាងកក កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីតុលាការកំពូលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ។

ក្នុងរយៈពេល១៣ ម៉ោង លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Police General ដោយសារអាការៈឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមទាប។

កូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន បានទៅសួរសុខទុក្ខឪពុករបស់លោកស្រី កាលពីរសៀលថ្ងៃច័ន្ទ និងព្រឹកថ្ងៃអង្គារ។ លោកស្រី ផែតងតាន បាននិយាយថា លោកស្រីព្រួយបារម្ភបំផុតអំពីស្ថានភាពបេះដូងរបស់ឪពុកលោកស្រី។

លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សភឿថៃកាលពីថ្ងៃអង្គារថា ឪពុករបស់លោកស្រី គឺលោកថាក់ស៊ីន អស់កម្លាំង ប៉ុន្តែនៅតែអាចនិយាយជាមួយលោកស្រីបាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top