ព័ត៌មានអន្តរជាតិ

វៀតណាម និងសិង្ហបុរី ព្រមព្រៀងគ្នាពិចារណា លើភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

រូបភាពពី៖​ VNA

ហាណូយ៖ ថ្នាក់ដឹកនាំវៀតណាម និងសិង្ហបុរី បានព្រមព្រៀងគ្នាពិចារណាលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងសមភាគីសិង្ហបុរីលោក Lee Hsien Loong នៅទីនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា ក្នុងជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងបណ្តុះបណ្តាល ហិរញ្ញវត្ថុ-ធនាគារ និងទេសចរណ៍។

មេដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចឌីជីថល-សេដ្ឋកិច្ចបៃតងដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣ និងកិច្ចព្រមព្រៀងតភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី ដែលបានកែសម្រួល។

ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ មេដឹកនាំទាំងពីរ បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ស្តីពីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ជំនាញ និងការផ្លាស់ប្តូរទេពកោសល្យច្នៃប្រឌិត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top