បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក ស្រែថា ថាវីនស៊ីន បាននិយាយថា លោកមានទំនុកចិត្តថា សមាជិកសភាក្នុងបញ្ជីរបស់គណបក្សភឿថៃ លោក ស៊ូទីន ខ្លាំងសាង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជារដ្ឋមន្ត្រីការពារជាតិបន្ទាប់។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះត្រូវបានគេមើលឃើញថា ជាការបញ្ជាក់យល់ព្រមដោយពុំប្រកាស ដែលតំណែងការពារជាតិនឹងបានទៅលើ សមាជិកសភាជើងចាស់របស់គណបក្ស Pheu Thai។ មានការរំពឹងទុកមុននេះថា មុខតំណែងនេះនឹងត្រូវប្រគល់ឱ្យ ឧត្តមសេនីយ Natthapon Nakpanich អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ តាមការណែនាំរបស់នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលជិតផុតអាណត្តិ។
លោក ស្រែថា បានថ្លែងទៅកាន់អង្គភាពសារព័ត៌មាន នៅការិយាល័យកណ្តាលរបស់ គណបក្សភឿថៃកាលពីថ្ងៃពុធ។ ឆ្លើយតបទៅនឹងការប្រកាសរបស់លោក ស្រែថា អ្នកយកព័ត៌មានបានចោទសួរ ពីការជ្រើសរើសលោក ស៊ូទីន ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយនិយាយថា ការប្រគល់តំណែងនេះទៅបុរស ដែលមិនមែនជាយោធា នឹងត្រូវបកស្រាយថា ជាការមិនគោរពដល់កងកម្លាំងប្រដាប់អាវុធ។
យ៉ាងណាក៏ដោយ លោក ស្រែថា បានឆ្លើយតបវិញទៅនឹង ការអត្ថាធិប្បាយដោយនិយាយថា លោក ស៊ូទីន ជាសមាជិកសភាជើងចាស់ ហើយតែងតែគោរពអ្នកដទៃ ៕
ប្រែសម្រួលៈ ណៃ តុលា