ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឡាវ បញ្ជាឲ្យចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយ បញ្ហាសេដ្ឋកិច្ចធំៗ

ប្រភព៖AFP

វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានបញ្ជាឱ្យជំរុញកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការដោះស្រាយអតិផរណា អត្រាប្តូរប្រាក់ ការកើនឡើងនៃតម្លៃទំនិញ និងបំណុលបរទេស ។

ការបញ្ជា​ដែលបានចេញកាលពីថ្ងៃអង្គារ បានណែនាំដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ឱ្យគ្រប់គ្រងតម្លៃទំនិញ ដែលនាំឱ្យអតិផរណាកើនឡើង និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃរស់នៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងក៏ត្រូវបានណែនាំផងដែរ ឱ្យដាក់ចេញនូវវិធានការគ្រប់គ្រង ដ៏រឹងមាំលើទំនិញនាំចូល និងកាត់បន្ថយការ នាំចូលទំនិញ ដែលអាចផលិត នៅប្រទេសឡាវ ព្រមទាំងតាមដានយ៉ាងដិតដល់នូវការនាំចូល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដើម្បីបន្ធូរបន្ថយអត្រាប្តូរប្រាក់ ដែលមិនអំណោយផល ខណៈដែលធានាបាន នូវប្រេងឥន្ធនៈគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសឡាវ ។

បទបញ្ជាក៏បានណែនាំដល់ ស្ថាប័នពាក់ព័ន្ធធ្វើពាណិជ្ជកម្មលើការដាំដុះដំណាំ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម និងបន្ថែមតម្លៃដល់សារធាតុរ៉ែ និងផលិតផលម្ហូបអាហារ ដោយកែច្នៃមុនពេលនាំចេញ ។

អតិផរណានៅក្នុងប្រទេសឡាវ បានធ្លាក់ចុះមកនៅត្រឹម ២៥,៨៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែសីហាពី ២៧,៨ ភាគរយនៅក្នុងខែកក្កដា នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយការិយាល័យស្ថិតិឡាវ កាលពីថ្ងៃពុធ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top