ព័ត៌មានជាតិ

សហភាពអឺរ៉ុប ៖ កម្ពុជា មិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាន និងបទពិសោធន៍

រូបភាពពី៖​ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ បានលើកឡើងជាទស្សនៈថា កម្ពុជា មិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាន និងបទពិសោធន៍ ជាពិសេស ជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃ៣១ សីហា លោកស្រី Carmen Moreno បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់សហភាពអឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង។

លោកស្រីឯកអគ្គរដ្ឋទូតបន្តថា «កម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាននិងបទពិសោធន៍ និងជាពិសេសជាប្រទេសមានសក្តានុពល ជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម។ ហេតុដូចនេះ កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គប្បីមានមហិច្ឆតា និងគួរដើរតួនាទីឲ្យកាន់តែសកម្មនិងនាំមុខ ដើម្បីចែករំលែក បទពិសោធន៍និងសមិទ្ធផល ទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ»។

ជាមួយគ្នានេះ លោកស្រីក៏បានលើកសំណូមពរ២ចំណុចដល់រាជរដ្ឋាភិបាល សម្រាប់ធ្វើការពិចារណា រួមមាន៖ ទី១-គួរពិនិត្យលទ្ធភាពឲ្យមានកិច្ចសហការគ្នាឬលំហរ (Open Space) នៃការចូលរួមសកម្មភាពឡើងវិញរបស់សង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សប្រកបដោយ លក្ខណៈបរិយាប័ន្ន (Inclusiveness) និងទី២-គួរជំរុញសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ។
ជាការឆ្លើយតបលោក កែវ រ៉េមី បញ្ជាក់ថា ថ្នាក់ដឹកនាំបន្តវេន គឺប្រកបដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជវភាព (Dynanic) ហើយលោកលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និង ផ្សព្វផ្សាយក្នុងស្មារតីឲ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព ពង្រឹងដល់ការចងចាំ(Remembrance) និងការមិនវិលត្រលប់ឡើងវិញ(Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ៕

To Top