ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកដំបូង ក្នុងនាម​មេ​ដឹក​នាំ ​កំពូល​វ័យ​ក្មេង​ជាង​គេ នៃជំនួប​កំពូល​អាស៊ាន នៅ​ឥណ្ឌូណេស៊ី នាសប្តាហ៍​ក្រោយ

ភ្នំពេញ៖ នាថ្ងៃ​ចន្ទ​ទី​៤ ខែ​កញ្ញា​ ឆ្នាំ២០២៣ សប្តាហ៍​ក្រោយ ​កិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន, ជំនួប​កំពូល​អាស៊ាន​បូក និង ជំនួប​កំពូល​អាស៊ី​បូព៌ា។ សម្រាប់​កម្ពុជា​ដែល​ជា​សមាជិក​របស់​អាស៊ាន​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ជំនួប​កំពូល​ទាំង​អស់​នេះ ជាបណ្ដុំ​ព្រឹត្តិការណ៍​តំបន់​សំខាន់​ជាង​គេ​បង្អស់​ប្រចាំ​ឆ្នាំ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ ទាំងនេះ​គឺ​ជា​ឱកាស​មួយ​ពោរ​ពេញ​ទៅ​ដោយ​និមិត្តរូប​នយោបាយ។ ម្យ៉ាង ពីព្រោះ ជា​លើក​ទី​មួយ​បង្អស់​ហើយ ដែល​លោកបណ្ឌិត, ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​២២​សីហា​មក​ម្ល៉េះ, នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការលើ​ឆាក​អន្តរ​ជាតិ។ ម្យ៉ាង​ទៀត ពីព្រោះ​នៅ​ថ្ងៃ​ទី​៥​កញ្ញា​ខាង​មុខ​នេះ នៅ​ទីក្រុង​ចាកាតា លោកបណ្ឌិត នឹង​មាន​ឈ្មោះ​ជា​មេ​ដឹក​នាំ​កំពូល​ក្មេង​ជាង​គេ​បង្អស់​ ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្នទាំង​១០​រូប​របស់​អាស៊ាន។

ម្យ៉ាង​ចុង​ក្រោយ ពីព្រោះ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​កញ្ញា ក្នុង​រយៈ​ពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ទីក្រុង​ចាកាតា ​ដដែលបណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឃើញ, នឹង​ចាប់​ដៃ, នឹង​ជួប​ជា​ផ្លូវការ​ឬ​ក្រៅ​ផ្លូវ​ការ, ប្រមុខ​រដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​ឬ​ក៏​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​១៧​នាក់​យ៉ាង​តិច ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ​ខាង​ត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និង នូវែល​សេឡង់។

ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ​និង​ត្រូវ​តែ​មាន​មោទនភាព ពីព្រោះកិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ត្រៀម​រួច​រាល់​អស់​ហើយ ទាំង​កម្លាំង​ប្រាជ្ញា ទាំង​កម្លាំង​កាយ និង ទាំង​កម្លាំង​ចិត្ត ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ​យើង​នៅ​ចំពោះមុខ​សមាជិក​អាស៊ាន​៩​ដទៃ​ផ្សេង​ទៀត និង​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​រួម​របស់​អាស៊ាន​នៅ​ចំពោះមុខ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហា​អន្តរជាតិ​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​វ័យ​ក្មេង​របស់​យើង ត្រូវ​ចូល​រួម​ដោះ​ស្រាយ មាន​ច្រើន​ណាស់, ជា​អាទិ៍ វិបត្តិ​រ៉ាំរ៉ៃ​នៅ​មីយ៉ាន់ម៉ា, ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​កំពូល​មហា​អំណាច​ពិភពលោក និង រវាង​មហា​អំណាច​តំបន់ នៅ​ក្នុង​លំហ​នៃ​ដែន​អាស៊ី-ប៉ាស៊ីហ្វិក, និង​ជា​ពិសេស វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​និង​កំពុង​បន្ត​ជះ​ផល​អវិជ្ជមាន​មក​លើ​ជាតិ​មាតុ​ភូមិ​យើង។

​កិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត មាន​សមត្ថភាព​ហួស​ពី​គ្រប់​គ្រាន់ និង មាន​ឆន្ទៈ​មោះ​មុត​ខ្លាំង​ណាស់ ដើម្បី​លើក​តម្កើង​មុខ​មាត់​កិត្តិយស​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​លើ​ឆាក​អន្តរ​ជាតិ។ ម្ល៉ោះ​ហើយ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ​និង​ត្រូវ​តែ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ នៅ​ពី​ក្រោយ​មេ​ដឹក​នាំ​ប្រកប​ដោយ​ថាមពល​របស់​យើង​រូប​នេះ ដែល​អាស៊ាន​និង​ពិភពលោក នឹង​សម្លឹង​មើល​ហើយ​វាយ​តម្លៃ នៅ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូណេស៊ី សប្តាហ៍​ក្រោយ​នេះ៕ ប្រភព៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​កិច្ចការការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

To Top