ព័ត៌មានអន្តរជាតិ

ប្រភពពីក្រសួងយុត្តិធម៌ថា លោកថាក់ស៊ីន អាចមានសិទ្ធិទទួលបានការដោះលែង ក្នុងរយៈពេល ៤ ខែទៀត

រូបភាពពី៖​ AFP

បរទេស៖ ប្រភពពីក្រសួងយុត្តិធម៌បានឱ្យដឹងនៅថ្ងៃអាទិត្យថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចមានសិទ្ធិទទួលបានការដោះលែងក្នុងរយៈពេល ៤ ខែ ខណៈដែលលោកជាអ្នកទោសវ័យចំណាស់ដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពពីក្រសួងយុត្តិធម៌បានពន្យល់ថា ច្បាប់កែប្រែឆ្នាំ២០០៧ តម្រូវឱ្យអ្នកទោសដែលជាប់ពន្ធនាគារយ៉ាងហោចណាស់មួយភាគបីនៃទោស អាចមានសិទ្ធិសុំឱ្យមានការដោះលែង។

ព្រះ​មហាក្សត្រ​ទ្រង់​បាន​ប្រោស​ប្រទាន​ការ​លើក​លែង​ទោស​លោក ថាក់ស៊ីន ដោយ​កាត់​ទោស​ពី​៨ឆ្នាំ​ មកត្រឹម១ឆ្នាំ។ ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង Royal Gazette កាល​ពី​ថ្ងៃ​សុក្រ។ នៅក្រោមករណីនេះ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នឹងត្រូវស្ថិតក្នុងពន្ធនាគារយ៉ាងហោចណាស់ ៤ ខែ មុនពេលលោកអាចស្នើសុំឱ្យដោះលែង។

ប្រភព​បាន​និយាយ​ទៀតថា ប្រសិន​បើ​ការ​លើក​លែង​ទោស​របស់​លោក ថាក់ស៊ីន ត្រូវ​បាន​អនុម័ត​នោះ លោកនឹង​ត្រូវ​នាំ​ទៅ​ជួប​មន្ត្រី​ទទួលការលើក​លែង​ទោស​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។ បន្ទាប់​មក មន្ត្រី​នឹង​កំណត់​កាលបរិច្ឆេទ​ឱ្យ​លោក ថាក់ស៊ីន រាយការណ៍​ជូន​មន្ត្រី​នៅ​ក្រៅ​ឃុំ​ជា​រៀងរាល់​ខែ។

មន្ត្រី​ទទួលបន្ទុកសម្រាប់នៅ​ក្រៅ​ឃុំ​ក៏​នឹង​កំណត់​ផង​ដែរ​ថា​តើ​លោក​ថាក់ស៊ីន​ នឹង​ត្រូវ​ពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​អេឡិចត្រូនិក​ ឬ​យ៉ាងណា។ ប្រភព​មួយ​បាន​និយាយ​ថា លោក ថាក់ស៊ីន ទំនង​ជា​នឹង​ត្រូវ​បាន​លើក​លែង​ពី​ការ​ពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​ ដោយសារលោក​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ជា​ច្រើន​។

ក្រៅ​ពី​នេះ ប្រភព​បន្ត​ថា លោក ថាក់ស៊ីន ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ​ ដើម្បី​ប្រឈម​មុខ​នឹង​យុត្តិធម៌​ដោយ​មិន​បាន​ព្យាយាម​រត់​គេច​ខ្លួន​ឡើយ។

ប្រភពបានបន្ថែមទៀតថា ការជាប់ពន្ធនាគាររបស់លោកថាក់ស៊ីន អាចត្រូវបានកាត់បន្ថយបន្ថែមទៀត ដែលនាំឱ្យមានការដោះលែងលោកនៅពេលដែលប្រទេសថៃ ប្រារព្ធព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងរបបរាជានិយម ដូចជាខួប នៃការសោយទីវង្គតរបស់ស្តេចរាមាទី៩ នៅថ្ងៃទី១៣ ខែតុលា ឬថ្ងៃខួបកំណើតរបស់ទ្រង់នៅថ្ងៃទី ៥ ខែធ្នូ ដែលជាការកត់សម្គាល់ផងដែរថាជា​ទិវា​ឪពុក​៕ ប្រែសម្រួលៈ ណៃ តុលា

To Top