ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ហើយនឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មី នៃកម្ពុជាទាំងនេះគឺជាឱកាសមួយពោរពេញ ទៅដោយនិមិត្តរូបនយោបាយ។ ហើយនេះជាលើកទីមួយបង្អស់ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២សីហាមក នឹងបង្ហាញមុខជាផ្លូវការ លើឆាកអន្តរជាតិ។
ដោយក្នុងនោះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងមានឈ្មោះជាមេដឹកនាំកំពូល ក្មេងជាងគេបង្អស់ ក្នុងចំណោមមេដឹកនាំកំពូលបច្ចុប្បន្ន ទាំង១០រូបរបស់អាស៊ាន៕