ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ស្នើអាមេរិក ទិញយន្ដហោះចម្បាំងធុន F-35 ចំនួន ២៥គ្រឿងបន្ថែមទៀត

ប្រភព ៖ AFP

យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិ អ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញកងអនុសេនាតូចទី៣ នៃយន្តហោះចម្បាំង បំបាំងកាយធុន F-35 ។

រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានដាក់លិខិត ស្នើសុំទៅក្រសួងការពារជាតិអាមេរិក ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង “ក្នុងរយៈពេលប៉ុន្មានខែខាងមុខ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ អ៊ីស្រាអែល។

សំណើ​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​លើក​មុន ដែល​អ៊ីស្រាអែល ​បាន​យល់​ព្រម​ទិញ​យន្តហោះ F-35 ចំនួន ២៥ គ្រឿង​ពី​សហរដ្ឋ​អាមេរិក ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​រួម​មាន​ការ​គាំទ្រ និង​ការ​ថែទាំ។

ក្រសួងប៉ាន់ប្រមាណថា តម្លៃ នៃកិច្ចព្រមព្រៀងនេះគឺប្រហែល ៣ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយមូលនិធិជំនួយសន្តិសុខ របស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល។

យន្តហោះចម្បាំង ៣គ្រឿងដំបូង នៃកងអនុសេនាធំថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសអ៊ីស្រាអែល នៅឆ្នាំ២០២៧។ នៅពេលបញ្ចប់កិច្ចព្រមព្រៀង កងនាវាទ័ពអាកាសអ៊ីស្រាអែល នឹងពង្រីកដល់យន្តហោះចម្បាំង F-35 ចំនួន ៧៥គ្រឿង។

អ៊ីស្រាអែលបានទទួលយន្តហោះ F-35 ដំបូងរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០១៦ ដែលបានក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ា ដែលទទួលបានយន្តហោះទាំងនោះ៕
ប្រែសម្រួល ឈូល បូរ៉ា

To Top