ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ត្រូវបានរៀបចំឡើងយ៉ាងមហាឱឡារិកនៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការចូលរួមពីព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ ។ក្នុងកិច្ចប្រជុំកំពូលនេះថ្នាក់ដឹកនាំជាច្រើនបានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមវិភាគទានដ៏ធំធេង ក្នុងការពូនជ្រុំនិងធ្វើសមាហរណកម្មអាស៊ាន ។
យោងតាមខ្លឹមសារសង្ខេបស្តីពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣បានឱ្យដឹងបន្ថែមថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន បានថ្លែងនូវចំណាប់អារម្មណ៍ ជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូង ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍របស់ លោក ខេរ៉ាឡា ហ្សាណាណា គូសម៉ៅ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួមក្នុងកិច្ចប្រជុំ ក្នុងនាមជាអ្នកអង្កេតការណ៍អាស៊ាន ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានក្លាយជាប្រធានអាស៊ានច្រើនជាងគេ ក្នុងចំណោមថ្នាក់ដឹកនាំអាស៊ានទាំងអស់ មុនពេលដែលសម្តេចបាន លាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រីកម្ពុជា៕