ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការណែនាំ ដល់មន្រ្តីថ្នាក់ក្រោម ទាំងអស់ឱ្យត្រូវមានការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុង របស់ក្រសួងអនុវត្តភារកិច្ច ដែលបានបែងចែកប្រកបដោយស្មារតី ម្ចាស់ការនិងទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្តិតាមរបៀបរបបការងារ ឱ្យបានហ្មត់ចត់និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ដឹកនាំ ដោយឈរលើមូលដ្ឋានច្បាប់ ឋានានុក្រម និងគោលការណ៍ជាសកល ដើម្បីជួយក្រសួង-ស្ថាប័នឱ្យមានភាពរីកចម្រើន ការងារមានប្រសិទ្ធភាព និងមានសុខដុមនីយកម្ម។
ថ្លែងក្នុងជំនួបលើកដំបូងនេះ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានលើកឡើងពីហេតុផលនៃការធ្វើកំណែទម្រង់ គឺសំដៅធានាលើការដឹកនាំក្រសួង ឱ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងក្នុងអង្គភាព និងជាមួយអង្គការអន្តរជាតិនានា ដើម្បីបន្តថែរក្សា ការពារសមិទ្ធផល ដែលមានពីមុនមក និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយអនុវត្តតាមជានិច្ចនូវពាក្យស្លោករបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណចំពោះមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារកន្លងមកដោយមិនខ្លាចនឿយហត់ ដែលមន្ត្រីខ្លះបានចូលនិវត្តន៍ និងមន្ត្រីខ្លះទៀតបានធ្វើមរណកាលទៅហើយ។ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីដឹងគុណជាពិសេសចំពោះលោកកិត្តិបណ្ឌិត លឹម គានហោ អតីតរដ្ឋមន្ត្រី និង ជាស្ថាបនិកនៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំ គ្រប់គ្រង ពុះពារ និងជម្នះរាល់ការលំបាកកន្លងមក រហូតសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃ៕