ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែពាំនាំ នូវសមិទ្ធផល របស់រាជរដ្ឋាភិបាល និង សក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ ។
ក្នុងជំនួបជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅរដ្ឋធានីហ្សាការតា នាថ្ងៃទី៦ កញ្ញា សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផល របស់រាជរដ្ឋាភិបាល និងសក្តានុពល របស់កម្ពុជា ទៅលើកបង្ហាញ(showcase) នៅលើឆាកអន្តរជាតិ ក៏ដូចជាការណ៍ដែលវេទិកា សេដ្ឋកិច្ចពិភពលោក ចូលរួមលើកកម្ពស់របៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តា ប្រទេសទាំងអស់ ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ដ៏លំបាក និងមិនច្បាស់លាស់កន្លងមក ។
ជាកិច្ចឆ្លើយតប លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាននៅកម្ពុជាកាលពីឆ្នាំទៅ លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និង វាយតម្លៃខ្ពស់ ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ។ ទន្ទឹមនេះ
លោកសាស្រ្តាចារ្យបានបង្ហាញពីបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់ ។
សម្តេចធិបតី បានស្វាគមន៍ ចំពោះបំណងដ៏ល្អនេះ និងបានលើកឡើងអំពីសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នា បានរវាងរបៀបវារៈ នៃវេទិកា សេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមឌីជីថល ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន កាន់តែមានភាពប្រសើរឡើង ខណៈរាជរដ្ឋាភិបាល នឹងរៀបចំវេទិកាសាធារណៈ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ ។ ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញ វិស័យឯកជនបំពេញតួនាទី របស់ខ្លួនកាន់តែសកម្ម និ អាចរីកលូតលាស់ថែមទៀត ។
លោកសាស្រ្តាចារ្យ បានគោរពអញ្ជើញ សម្តេចធិបតី ចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ ។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញនេះ ហើយ សម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួម ដោយមានគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជា ចូលរួមអមជាមួយផងដែរ ៕